នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានរៀបចំ ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។


ឯកឧត្តម រិន វីរៈ បានគូសបញ្ជាក់ថា ការចងក្រងស្ថិតិម៉ាក្រូសេដ្ឋកិច្ចថ្នាក់ក្រោមជាតិ (រួមមាន GDP អតិផរណា ចំណូល-ចំណាយរដ្ឋ និងការវិនិយោគ) គឺជាកិច្ចការគន្លឹះចាប់តាំងពីឆ្នាំ២០១៨ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងរក្សាស្ថេរភាពថ្លៃ។
ការប្តូរឆ្នាំគោល សម្រាប់លទ្ធផល GDP ឆ្នាំ២០២៥ វិទ្យាស្ថានជាតិស្ថិតិបានផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិថ្នាក់ខេត្តពី ឆ្នាំ២០១១ មកឆ្នាំ២០១៤ ស្របតាមថ្នាក់ជាតិ ដែលធ្វើឱ្យទំហំ វិសាលភាពសេដ្ឋកិច្ច និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP per capita) កើនឡើងជាងមុន។
នាយកដ្ឋានស្ថិតិគណនេយ្យជាតិ បានសម្រេចជ្រើសរើស វិធីសាស្ត្រផលិតកម្ម មកប្រើប្រាស់ ដោយសារវិធីសាស្ត្រចំណាយ និងចំណូលមិនទាន់មានទិន្នន័យគាំទ្រគ្រប់គ្រាន់នៅថ្នាក់ខេត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ ដោយលោកបានលើកឡើងថា លទ្ធផល GDP គឺជាបំណងប្រាថ្នារបស់រដ្ឋបាលខេត្តជាយូរមកហើយ ដើម្បីដឹងពីទំហំសេដ្ឋកិច្ចពិតប្រាកដ សម្រាប់យកទៅប្រើប្រាស់ ក្នុងការរៀបចំគោលនយោបាយ និងទាក់ទាញវិនិយោគិន។


ខេត្តព្រះសីហនុមានផ្ទៃដី ២.៦៥៨,៩០ គីឡូម៉ែត្រក្រឡា ប្រជាជនសរុប ២៤៥.៥៦៩នាក់ (កម្លាំងពលកម្មសកម្មសេដ្ឋកិច្ច ៩១,៥៤%) និងជា «តារារះនាទិសនិរតី» ដែលមានច្រកចេញ-ចូលអន្តរជាតិជើងគោក ជើងទឹក និងជើងអាកាស។
ទោះបីជាការចងក្រងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា កង្វះខាតទិន្នន័យផលិតកម្មផ្ទាល់ពីសហគ្រាស និង ធនធានមនុស្សផ្នែកស្ថិតិនៅមានកម្រិត ក៏ដោយ ក៏ភាគីទាំងពីរបានអំពាវនាវឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត និងវិស័យឯកជន បន្តកិច្ចសហការផ្តល់ទិន្នន័យឱ្យបានត្រឹមត្រូវជាទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវស្ថិតិមានគុណភាព និងសុក្រឹតភាពខ្ពស់សម្រាប់ប្រយោជន៍រួម៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ឡាយ ចាន់ដា
















