ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ស្ញប់ស្ញែង និងមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអត្តពលិក និងប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។

ទោះបីជាលទ្ធផលនៃការប្រកួតទទួលបានយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែង ការតស៊ូ និងស្មារតីកីឡាដ៏មោះមុតរបស់បងប្អូនទាំងអស់ គឺជាមោទនភាពដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។ ជាពិសេស សូមអបអរសាទរចំពោះបង វ៉ាន វ៉ុន ដែលបានដណ្តើមមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ ដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់កម្ពុជា។
អ្វីដែលមានតម្លៃបំផុត មិនមែនមានត្រឹមតែមេដាយនោះទេ ប៉ុន្តែគឺការបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាព ឆន្ទៈ ការតស៊ូ និងភាពអង់អាចរបស់អត្តពលិកកម្ពុជា ដែលបានតំណាងឱ្យជាតិមាតុភូមិនៅលើឆាកអន្តរជាតិ និងនាំមកនូវកិត្តិយស មោទនភាពជូនប្រជាជនកម្ពុជាទាំងមូល។
សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនអត្តពលិក និងប្រតិភូទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃ។ សូមបន្តរក្សាឆន្ទៈមោះមុត ស្មារតីកីឡា និងជំនឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិនាពេលអនាគត៕ ដោយ៖ សុភ័ក្រ្ត












