អាជ្ញាធរខេត្ត Nghe An សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាម បានសម្រេចបើកការស៊ើបអង្កេត និងចោទប្រកាន់ជាផ្លូវការលើជនសង្ស័យចំនួន ៧ នាក់ ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលាងលុយដ៏ធំមួយ ក្រោមរូបភាពកម្មវិធីផ្សាយផ្ទាល់លក់ទំនិញ AI ក្លែងក្លាយឈ្មោះ «Tatao Live» ដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋវៀតណាមប្រមាណ ៤០.០០០ នាក់ សរុបជាទឹកប្រាក់រហូតដល់ទៅ ៤០៧ ពាន់លានដុង ដែលស្មើនឹងប្រមាណ ១៦ លានដុល្លារអាមេរិក។
ក្រុមជនល្មើស ដែលដឹកនាំដោយជនបរទេសនៅពីក្រោយខ្នង ត្រូវបានចោទប្រកាន់ពីបទ លាងលុយកខ្វក់ និងប្រើប្រាស់បណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ និងឧបករណ៍អេឡិចត្រូនិក ដើម្បីបោកយកទ្រព្យសម្បត្តិ ដោយកាលពីខែមិថុនា ឆ្នាំ ២០២៥ ក្រុមនេះបានបង្កើតក្រុមហ៊ុនបាំងមុខចំនួនពីរ គឺក្រុមហ៊ុន Tatao Vietnam Technology Co. Ltd. និងក្រុមហ៊ុន Livestream AI Market Development Co. Ltd. រួចបានបង្កើតគេហទំព័រ tataovn.com និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រូម៉ូតកម្មវិធី Tatao Live នេះ។
របៀបនៃការឆបោកនោះគឺ អ្នកប្រើប្រាស់ត្រូវទិញកញ្ចប់សេវា AI Livestream តម្លៃ ២.៩ លានដុង ស្មើនឹងប្រមាណ ១១៥ ដុល្លារ សម្រាប់ប្រើប្រាស់មួយជីវិត បន្ទាប់ពីទិញកញ្ចប់រួច អ្នកប្រើប្រាស់គ្រាន់តែបើក App មើលវីដេអូរយៈពេល ៣០ វិនាទី ទៅ ១ នាទី រួចបិទវិញ។ ប្រហែល ២ ទៅ ៤ ម៉ោងក្រោយមក ប្រព័ន្ធនឹងទូទាត់ប្រាក់ចូលក្នុងកាបូបលុយអេឡិចត្រូនិកក្នុង App ដោយធានាប្រាក់ចំណេញពី ៣០.០០០ ទៅ ៥០.០០០ ដុងជារៀងរាល់ថ្ងៃ សម្រាប់កញ្ចប់តូច និងពី ៩០០.០០០ ទៅ ១.៥ លានដុងជារៀងរាល់ថ្ងៃ សម្រាប់កញ្ចប់ធំ ខណៈដែលនៅពេលចំនួនលុយឡើងដល់ ២០០.០០០ ដុង អ្នកចូលរួមអាចស្នើសុំដកប្រាក់ចូលគណនីធនាគាររបស់ខ្លួនបាន ខណៈដែលក្នុងសប្តាហ៍ដំបូង ក្រុមនេះបានអនុញ្ញាតឱ្យដកប្រាក់បានធម្មតា ដើម្បីបង្កើតទំនុកចិត្ត និងជំរុញឱ្យអ្នកចូលរួម ណែនាំសមាជិកថ្មីបន្ថែមទៀត ដោយទទួលបានកំរៃជើងសារកាន់តែខ្ពស់។
តែយ៉ាងណាមិញ កម្មវិធី Tatao Live គ្មានហាងទំនិញ គ្មានរទេះទិញទំនិញ គ្មានប្រភេទផលិតផល ឬព័ត៌មានបញ្ជាទិញអ្វីទាំងអស់។ ប្រាក់ដែលយកមកទូទាត់ឱ្យអ្នកចូលរួមមុនៗ គឺជាប្រាក់ដែលបានមកពីការទិញកញ្ចប់សេវារបស់អ្នកចូលរួមក្រោយៗ ដែលជាទម្រង់នៃការឆបោកតគ្នា ប៉ុណ្ណោះ ដោយនៅត្រឹមខែមេសា ឆ្នាំ ២០២៦ បន្ទាប់ពីប្រមូលប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រុមនេះបានចាប់ផ្តើមបង្កកការដកប្រាក់ ដោយរាល់ការស្នើសុំដកប្រាក់បង្ហាញត្រឹមតែស្ថានភាព កំពុងដំណើរការ តែប៉ុណ្ណោះ។ បន្ទាប់មក ក្រុមការងារត្រូវបានរំសាយ ការិយាល័យត្រូវបិទទ្វារ ហើយក្រុមជនល្មើសបានព្យាយាមបំផ្លាញឯកសារ ផ្ទេរប្រាក់តាមគណនីជាច្រើន និងជម្លៀសទ្រព្យសម្បត្តិចេញទៅបរទេស៕អត្ថបទ៖ រិទ្ធី







