យោងតាមព័ត៌មានពីនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលបានចុះឆែកឆេរបន្ទប់ពីរនៅក្នុងអគារអាផាតមិនមួយ ស្ថិតក្នុងខណ្ឌសែនសុខ នៅថ្ងៃត្រង់ ទី២៤ ខែតុលា ដោយរកឃើញស្ត្រីជនបរទេស៥នាក់ ព្រមទាំងថ្នាំពេទ្យ សឺរ៉ាំង និងសម្ភារវេជ្ជសាស្ត្រមួយចំនួន។


នគរបាលបានឱ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ អាយុ៥១ឆ្នាំ ឈ្មោះ Liu Wei ត្រូវបានសង្ស័យថា បានរៀបចំ និងមើលថែស្ត្រីជនជាតិវៀតណាម៤នាក់ឱ្យធ្វើសកម្មភាពពពោះជំនួស។ ករណីនេះអាចពាក់ព័ន្ធនឹងការជ្រើសរើសមនុស្សដោយខុសច្បាប់ ការកេងប្រវ័ញ្ច និងការធ្វើជាឈ្មួញកណ្តាលក្នុងការពពោះជំនួស។ បច្ចុប្បន្ន នគរបាលកំពុងបន្តស៊ើបអង្កេត និងពិនិត្យសម្ភារដែលបានរឹបអូស។


រហូតមកដល់ពេលនេះ នគរបាលមិនទាន់បានបង្ហាញអត្តសញ្ញាណ និងសញ្ជាតិរបស់អ្នកជួលឱ្យពពោះជំនួសទេ ហើយក៏មិនទាន់បានបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាមទាំង៤នាក់មានផ្ទៃពោះឬអត់ និងថាតើករណីនេះនឹងត្រូវចាត់ការបន្តយ៉ាងដូចម្តេចដែរ។ ការចោទប្រកាន់ពាក់ព័ន្ធនៅតែរង់ចាំការស៊ើបអង្កេតបញ្ជាក់។






