ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២០ (20th ASEAN Defence Ministers’ Meeting – ADMM) នៅមជ្ឈមណ្ឌលសន្និបាតម៉ាក់តាន ក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ការចូលរួមនេះធ្វើឡើងក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស ដែលជាការបង្ហាញពីសារៈសំខាន់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសសមាជិកផ្លាស់ប្តូរទស្សនៈ ពង្រឹងការយោគយល់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខដែលកំពុងវិវត្តទាំងក្នុងតំបន់ និងពិភពលោក។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ការរក្សាឱ្យមានកិច្ចសន្ទនាប្រកបដោយស្ថាបនា ការជឿទុកចិត្តគ្នា និងការសម្របសម្រួលរវាងប្រទេសសមាជិក គឺជាកត្តាចាំបាច់សម្រាប់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែង។ កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ADMM ក៏មានសារៈសំខាន់ក្នុងការជំរុញការយោគយល់គ្នា និងការសហការលើបញ្ហាសន្តិសុខរួម ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់។
ការចូលរួមរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំលើកនេះ បានបង្ហាញពីការបន្តចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយបណ្តាប្រទេសសមាជិក។ ការបន្តកិច្ចសន្ទនា និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអាស៊ាន ត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់សន្តិសុខរួម និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី។ តាមរយៈវេទិកានេះ កម្ពុជាបន្តគាំទ្រការកសាងសហគមន៍អាស៊ានដែលមានភាពរឹងមាំ សាមគ្គីភាព និងមានសមត្ថភាពក្នុងការរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕ ដោយ៖ សុភ័ក្រ្ត








