ក្រុមហ៊ុន Binance ដែលជាបណ្តាញជួញដូរប្រាក់ឌីជីថល (Crypto Exchange) ធំជាងគេបង្អស់លើពិភពលោក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានរងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Hack) យ៉ាងធ្ងន់ធ្ងរ ដែលជាហេតុនាំឱ្យមានការបង្កកទ្រព្យសកម្មជាង ២.៥ ពាន់លានដុល្លារ ជាបន្ទាន់ និងផ្អាកការជួញដូរលើផលិតផលមួយចំនួន ដើម្បីទប់ស្កាត់ការ Hack នេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានប្រាប់អតិថិជនថា ប្រាក់របស់ពួកគេ និងអ្នកវិនិយោគទាំងអស់ មានសុវត្ថិភាពទាំងស្រុង។
តែយ៉ាងណាមិញ ទោះបីជាមានការអះអាងបែបនេះក្តី អ្នកជំនាញក្នុងវិស័យ Crypto ជឿជាក់ថា ទ្រព្យសកម្មឌីជីថលយ៉ាងច្រើនសន្ធឹកសន្ធាប់ អាចនឹងត្រូវចោរបច្ចេកវិទ្យាលួចបានសម្រេចរួចស្រេចទៅហើយ ដែលជំរុញឱ្យលោក Paolo Ardoino អគ្គនាយកក្រុមហ៊ុន Tether ប្រកាសបង្កកប្រាក់ USDT ប្រមាណ ១.៦ ពាន់លានដុល្លារ ខណៈលោក Jeremy Allaire អគ្គនាយក Circle បានបង្កកប្រាក់ USDC ជាង ៨០០ លានដុល្លារ ផងដែរ។
គួរបញ្ជាក់ផងដែរថាប្រសិនបើការស៊ើបអង្កេតរកឃើញទំហំខូចខាតពិតប្រាកដដូចការវាយតម្លៃមែនការវាយប្រហារលើកនេះនឹងក្លាយជាចោរកម្មអ៊ិនធឺណិតធំបំផុតក្នុងប្រវត្តិសាស្ត្រCryptoដោយឆ្លងផុតកំណត់ត្រាចោរកម្មចំនួន ១.៥ ពាន់លានដុល្លារ លើវេទិកា Bybit កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ ដែលសង្ស័យថាជាស្នាដៃក្រុម Hacker របស់ប្រទេសកូរ៉េខាងជើង។
ផលវិបាកភ្លាមៗនៃព័ត៌មានដ៏រន្ធត់នេះ បានធ្វើឱ្យតម្លៃ Bitcoin ធ្លាក់ចុះភ្លាមៗលើសពី ៣% ខណៈអតិថិជន Binance ជាង ៣៣៥ លាននាក់នៅទូទាំងពិភពលោក កំពុងតាមដានស្ថានការណ៍នេះដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង៕អត្ថបទ៖ រិទ្ធី






