ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។
អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។
ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសលើកោះ Mayun ឬគេស្គាល់ថាជាកោះ Perim ដែលស្ថិតនៅច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូសនោះ។
ច្រកសមុទ្រ Bab al-Mandeb គឺជាជម្រើសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងផលិតផលនាំចេញផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមតម្រង់ទិសដៅវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ ហ័រមូស រហូតដល់ក្រុមហ៊ូទី បានចូលកាន់កាប់កោះនេះកាលពីខែកញ្ញាកន្លងទៅ៕ អត្ថបទ៖ រិទ្ធី






