តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានស្ទុះហក់ឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលានេះ ដោយសារក្តីបារម្ភកើនឡើងជុំវិញការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីក្រុមហ៊ូទី បានបើកការវាយប្រហារសារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងការកើនឡើងកម្ដៅសន្តិសុខនៅច្រកសមុទ្រហ័រមូស។
តម្លៃប្រេងឆៅ Brent បានកើនឡើង ៨៦ សេន គឺរហូតដល់ ១១៥,៧៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI បានកើនឡើង ៧២ គឺរហូតដល់ ១០២,៧២ ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើងនេះបានធ្វើឱ្យតម្លៃប្រេងឆៅទាំងពីរប្រភេទនេះ ឈានទៅរកការកើនឡើងប្រចាំខែជាលើកទី ៤ ជាប់ៗគ្នា ដោយក្នុងខែតុលានេះ ប្រេង Brent កើនឡើងជិត ១៤% ខណៈប្រេង WTI កើនឡើងប្រមាណ ១៥%។
ដើមហេតុនៃវិបត្តិតម្លៃប្រេងនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានប្រកាសទទួលខុសត្រូវលើការវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រួមមាន រោងចក្រប្រេង Ras Tanura, Rabigh និងទីតាំងក្រុមហ៊ុន Aramco នៅ Abqaiq។
ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានអះអាងថា នាវាដឹកប្រេងចំនួន ៣ គ្រឿង បានបុកមីនសមុទ្រ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈព្យាយាមបើកបរឆ្លងផ្លូវទឹកដោយគ្មានការអនុញ្ញាត នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងពិភពលោកនោះ៕អត្ថបទ៖ រិទ្ធី






