ផ្សែងពុលដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយវិបត្តិភ្លើងឆេះព្រៃ បានឆក់យកជីវិតប្រជាជនឥណ្ឌូណេស៊ីរហូតដល់ ៣៥៦០ នាក់ កាលពីខែកញ្ញាកន្លងទៅ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
របាយការណ៍ពីអង្គការស្រាវជ្រាវនេះបានបញ្ជាក់ថា អត្រាស្លាប់ពាក់ព័ន្ធនឹងការបំពុលបរិយាកាសនៅឥណ្ឌូណេស៊ី បានស្ទុះហក់ឡើងដល់ ៤២% ដោយកើនឡើងពី ៣៧៤០ នាក់ កាលពីខែសីហា រហូតដល់ ៥៣១០ នាក់ ក្នុងខែកញ្ញា ខណៈដែលក្នុងចំណោមអ្នកស្លាប់ទាំងអស់ ផ្សែងពុលពីភ្លើងឆេះព្រៃ គឺជាមូលហេតុចម្បងបង្កឱ្យមានមនុស្សស្លាប់ ៣៥៦០ នាក់ ខណៈការបំពុលពីប្រភពឧស្សាហកម្ម និងទីក្រុង បង្កឱ្យមានអ្នកស្លាប់ ១៧៥០ នាក់ផ្សេងទៀត។
វិបត្តិភ្លើងឆេះព្រៃដែលបង្កឡើងដោយបាតុភូតអាកាសធាតុអាកាស El Niño និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនេះ មិនត្រឹមតែបំផ្លាញព្រៃឈើ និងបង្កគ្រោះថ្នាក់ដល់ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពុលបរិយាកាសដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងទីម័រខាងកើត ផងដែរ៕ អត្ថបទ៖ រិទ្ធី






