រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-វិទ្យាស្ថានទុនហួងរបស់ចិន គ្រោងចុះMOU ពង្រឹងកិច្ចសហការទេសចរណ៍ និងអភិរក្សបេតិកភណ្ឌវប្បធម៌!

សេចក្តីសង្ខេប

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង ខេត្តហ្កានស៊ូ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក CHENG LIANG លេខាបក្សនៃវិទ្យាស្ថានទុងហ័ង Dunhuang Academy (ដូចគ្នាជាមួយអាជ្ញាធរអប្សរានៅកម្ពុជា) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គោលបំណងនៃជំនួបគឺផ្ដោតលើការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទុនហួង (Dunhuang Academy) ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយដៃគូអន្តរជាតិ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង ខេត្តហ្កានស៊ូ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក CHENG LIANG លេខាបក្សនៃវិទ្យាស្ថានទុងហ័ង Dunhuang Academy (ដូចគ្នាជាមួយអាជ្ញាធរអប្សរានៅកម្ពុជា) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

គោលបំណងនៃជំនួបគឺផ្ដោតលើការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទុនហួង (Dunhuang Academy) ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយដៃគូអន្តរជាតិ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម CHENG LIANG បានចែករំលែកអំពីបទពិសោធន៍ និងសមិទ្ធផលរបស់វិទ្យាស្ថានទុនហួង ក្នុងការសិក្សាស្រាវជ្រាវ ការអភិរក្ស និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ ជាពិសេសតំបន់រូងភ្នំម៉ូកៅ (Mogao Grottoes) ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ប្រទេសចិន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទុនហ័ង តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌវប្បធម៌ ការប្រើប្រាស់សម្បត្តិបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ព្រមទាំងការអភិវឌ្ឍទេសចរណ៍ពេលរាត្រីនៅខេត្តសៀមរាប តាមរយៈការសម្តែងសិល្បៈផ្លូវសូត្រ «Along the Silk Road» និង «Tales of the Silk Road» និងការរៀបចំទស្សនកិច្ចសិក្សាផ្លាស់ប្តូររវាងមន្ត្រីនៃស្ថាប័នទាំងពីរ។

 
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក CHENG LIANG ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសតំបន់អង្គរ ដែលអាចអភិវឌ្ឍជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញលោក CHENG LIANG ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របខាងមុខផងដែរ៕ ដោយ៖ ស្រីពី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…