លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា លោកបានសម្រេចផ្តាច់មិនផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលទៀតឡើយ បន្ទាប់ពីដាច់ឆ្នាំនេះទៅ ដោយលោកបានអះអាងថា ប្រទេសនេះ មិនត្រូវការជំនួយ តទៅទៀតទេ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញអាវុធដោយខ្លួនឯង។
លោក ត្រាំ បានបន្ថែមថា យើងបានព្រមព្រៀងគ្នារួចរាល់ហើយជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅត្រឹមចុងឆ្នាំនេះ យើងនឹងមិនផ្តល់ប្រាក់ដល់អ៊ីស្រាអែលទៀតទេ ប៉ុន្តែយើងនៅតែរង់ចាំជួយអ៊ីស្រាអែល ក្នុងករណីដែលពួកគេត្រូវការជំនួយចាំបាច់ណាមួយ។
ផ្អែកតាមកិច្ចព្រមព្រៀងសន្តិសុខ និងជំនួយបច្ចុប្បន្នរវាងអាមេរិក និងអ៊ីស្រាអែល គឺតម្រូវឲ្យអាមេរិកផ្តល់ថវិកាប្រមាណ ៣.៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨។ កន្លងមក លោក នេតាញ៉ាហូ ធ្លាប់បានថ្លែងថា លោកចង់កាត់បន្ថយការពឹងផ្អែកលើជំនួយយោធាពីអាមេរិកជាបណ្តើរៗ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទ និងលក្ខខណ្ឌជាក់លាក់នៃការកែប្រែកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានលាតត្រដាងលម្អិតនៅក្នុងសេចក្តីថ្លែងការណ៍នៅឡើយទេ។
គួររំលឹកផងដែរថា អ៊ីស្រាអែល គឺជាប្រទេសដែលទទួលបានជំនួយសរុបច្រើនជាងគេបំផុតពីសហរដ្ឋអាមេរិក ចាប់តាំងពីកកើតប្រទេសនេះមក។ ជាក់ស្តែង សហរដ្ឋអាមេរិកបានចំណាយថវិកាយ៉ាងហោចណាស់ ២១.៧ ពាន់លានដុល្លារ សម្រាប់ជំនួយយោធាដល់អ៊ីស្រាអែល ក្នុងរយៈពេល ២ ឆ្នាំដំបូង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានផ្ទុះជាសង្គ្រាមនៅតំបន់ហ្គាហ្សា និងបានឈានទៅដល់ការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះ៕ អត្ថបទ៖ រិទ្ធី







