ក្រុមហ៊ុន ECCO Vietnam បានសម្រេចផ្អាកសង្វាក់ផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលការប្រកាសបិទទ្វារភ្លាមៗនេះ ធ្វើឱ្យកម្មករនិយោជិតជាង ១៦០០ នាក់បាត់បង់ការងារ។
ក្រុមហ៊ុន ECCO Sko A/S របស់ប្រទេសដាណឺម៉ាក ដែលជាម្ចាស់ភាគហ៊ុនតែមួយគត់នៃក្រុមហ៊ុន ECCO Vietnam Co., Ltd. បានសម្រេចចិត្តរំលាយក្រុមហ៊ុននេះចោល ដោយអះអាងថា ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីការធ្លាក់ចុះនៃតម្រូវការទីផ្សារជាច្រើនឆ្នាំជាប់ៗគ្នា ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់យ៉ាងខ្លាំង។
កិច្ចសន្យាការងារសម្រាប់កម្មករដែលមិនត្រូវបានផ្តល់ឱកាសឱ្យបន្តការងារ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឬលឿនជាងនេះ ប្រសិនបើកិច្ចសន្យារបស់ពួកគេផុតកំណត់មុនកាលបរិច្ឆេទនេះ។ តែទោះជាយ៉ាងណា បុគ្គលិកមួយចំនួននឹងត្រូវរក្សាទុកឲ្យធ្វើការពីរបីខែបន្ថែមទៀត ដើម្បីជួយសម្រួលដល់ដំណើរការរំលាយក្រុមហ៊ុន ហើយក្រុមហ៊ុនបានប្តេជ្ញាចិត្តទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់ ប្រាក់បំណាច់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានប្រើប្រាស់ និងប្រាក់ជំពាក់ផ្សេងៗទៀតស្របតាមបទប្បញ្ញត្តិច្បាប់។ បន្ថែមលើប្រាក់បំណាច់បណ្តេញចេញតាមច្បាប់កំណត់ ក្រុមហ៊ុននឹងផ្តល់ប្រាក់បន្ថែមចំនួនកន្លះខែនៃប្រាក់ខែគោល សម្រាប់ឆ្នាំធ្វើការនីមួយៗ។
មិនតែប៉ុណ្ណោះ កម្មករនឹងទទួលបានប្រាក់ខែទី ១៣ ស្របតាមរយៈពេលដែលពួកគេបានធ្វើការក្នុងឆ្នាំនេះ ហើយចំពោះអ្នកដែលជួយសម្រួលដល់ដំណើរការរំលាយក្រុមហ៊ុន នឹងទទួលបានប្រាក់រង្វាន់បន្ថែមស្មើនឹង ៥០% នៃប្រាក់ខែគោលមួយថ្ងៃ សម្រាប់ថ្ងៃធ្វើការនីមួយៗ។
គួរបញ្ជាក់ផងដែរថា ECCO គឺជាម៉ាកស្បែកជើងដ៏ល្បីល្បាញរបស់ប្រទេសដាណឺម៉ាក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣។ រោងចក្ររបស់ខ្លួននៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមប្រតិបត្តិការកាលពីខែមេសា ឆ្នាំ ២០២០ ក្នុងទំហំផ្ទៃដី ១២ ហិកតា ចាយទុនវិនិយោគអស់ ៨៦១ ពាន់លានដុង ឬស្មើនឹងប្រមាណ ៣៤ លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតស្បែកជើងបានប្រមាណ ៨.១ លានក្នុងមួយឆ្នាំ៕ អត្ថបទ៖ រិទ្ធី







