កម្ពុជាបានបើកសម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ <<ភូមិហ្វ្រង់កូហ្វូនី>> នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយមានការចូលរួមពីលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ក្នុងនាមជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី «ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ ទេសចរណ៍ អប់រំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ការរៀបចំព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបង្ហាញពីសមិទ្ធផល សក្តានុពល និងអត្តសញ្ញាណជាតិទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
តាមរយៈព្រឹត្តិការណ៍នេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានឱកាសទស្សនា និងស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណរបស់កម្ពុជា ព្រមទាំងភាពចម្រុះនៃបណ្ដាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ «ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានរំពឹងថានឹងចូលរួមជំរុញវិស័យទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលកម្ពុជាឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ និងបង្ហាញពីស្មារតីស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ជូនដល់ភ្ញៀវមកពីគ្រប់ទិសទី។
កម្មវិធីថ្ងៃទី១ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦»មានតំបន់ពន្លាជាតិ ដែលមានការតាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្ដានុពល ទេសចរណ៍ និងសមិទ្ធផលនានារបស់ប្រទេស/រដ្ឋ/តំបន់ដែលជាសមាជិកអង្គការ OIF និងស្ថាប័ន ចំណុះអង្គការ OIF ចំនួន ៧៣ ទីតាំងពន្លា ។

ជាមួយគ្នានេះ សម្រាប់រយៈពេល៥ថ្ងៃ ភូមិហ្វង់កូហ្វូនីនឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០និង០០នាទី ព្រឹក រហូតដល់ម៉ោង ៩និង០០នាទី យប់ ដោយមាន កម្មវិធីចម្រុះប្រកបដោយភាពសម្បូរបែប និងមានភាពរស់រវើក។
សូមចូលរួមទស្សនាកម្មវិធីពេញមួយថ្ងៃ រួមមាន ពិធីបើកជាផ្លូវការ ការតាំងពិព័រណ៍ ការសម្តែងសិល្បៈ និងវប្បធម៌ ការពិភាក្សា និងការសម្តែងតន្ត្រីជាច្រើនទៀត៕. ដោយ៖ សុភ័ក្រ្ត










