ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ រួមមាន៖ មន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកឧដុង្គ និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។គម្រោងនេះបានផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលចាំបាច់សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ ដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូសាស្ត្រ ឧបករណ៍វិភាគឈាម និងជីវគីមី ព្រមទាំងការពង្រឹងសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ។ នេះជាគម្រោងដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន និងលើកកម្ពស់គុណភាពសេវាពិនិត្យ ព្យាបាល និងសង្គ្រោះអ្នកជំងឺនៅតាមមន្ទីរពេទ្យបង្អែកស្រុកទូទាំងប្រទេស។
ការពង្រឹងសមត្ថភាពទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកអាចផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺបានកាន់តែទាន់ពេលវេលា កាត់បន្ថយតម្រូវការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់ និងជួយសម្រួលដល់ប្រជាពលរដ្ឋទាំងពេលវេលា និងការចំណាយក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅតំបន់ឆ្ងាយពីលំនៅឋាន។


រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងគុណភាពសេវាសុខាភិបាល ដោយបានជំរុញការផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ការរៀបចំគ្រូពេទ្យប្រចាំការជារៀងរាល់ថ្ងៃ ការបំពាក់សម្ភារបច្ចេកទេសទំនើបៗ ការបណ្តុះបណ្តាល និងពង្រាយធនធានមនុស្ស ព្រមទាំងការផ្គត់ផ្គង់ឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមិទ្ធផលទាំងនេះ មិនមែនគ្រាន់តែជាការកែលម្អអគារ ឬបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពជាក់ស្តែងរបស់មន្ទីរពេទ្យបង្អែកក្នុងការជួយសង្គ្រោះជីវិត និងផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។ ជាពិសេស គឺការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ព្រមទាំងពង្រឹងសេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ដើម្បីឱ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ដោយ៖ ស្រីពី






