សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ភូមិហ្វ្រង់កូហ្វូនី» នៅសួនច្បារវត្តបទុមវតី ដែលមានទំហំជាងមួយហិកតា។


ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាលើកដំបូង ដែលកិច្ចប្រជុំកំពូលនេះវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ១៩៩៧។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីជាទីជួបជុំរបស់ប្រជាជន និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា ដោយកម្ពុជាអាចបង្ហាញពីសុខសន្តិភាព និងសុវត្ថិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបណ្ដាប្រទេសសមាជិកដែលនិយាយភាសាបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅចំកណ្តាលរាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃការជួបជុំ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជាន។
សម្ដេចបានបន្តទៀតថា៖កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ដោយកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនីនៅឆ្នាំ១៩៩១ មុនក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣។ សម្តេចធិបតីក៏បានបញ្ជាក់ពីតម្លៃនៃភាសាបារាំងក្នុងនាមជាភាសានៃការចងចាំ ការសិក្សា ចំណេះដឹង និងមិត្តភាព ព្រមទាំងលើកឡើងពីអត្ថន័យនៃប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលស្នាមញញឹមខ្មែរតំណាងឱ្យភាពកក់ក្តៅ និងការស្វាគមន៍ដោយរាក់ទាក់។ ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីចូលរួមព្រឹត្តិការណ៍នេះនៅកម្ពុជា។


សូមបញ្ជាក់ថា«ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់ ដោយផ្តល់ឱកាសឱ្យអ្នកចូលរួមទស្សនាពន្លាជាតិនៃបណ្តាប្រទេសជាសមាជិក ស្វែងយល់ពីវប្បធម៌ និងសិល្បៈ ព្រមទាំងភ្លក់រសជាតិម្ហូបអាហារចម្រុះ ស្តាប់តន្ត្រី និងទស្សនាផលិតផលនានា។


កម្មវិធីរយៈពេលប្រាំថ្ងៃនេះ ក៏មានសកម្មភាពជាច្រើន រួមមាន៖ ពិធីបើកជាផ្លូវការ ការតាំងពិព័រណ៍ ការសម្តែងសិល្បៈ និងវប្បធម៌ ការពិភាក្សា និងការសម្តែងតន្ត្រីផងដែរ។ ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការជួបជុំអន្តរជាតិដ៏សំខាន់ ដែលបង្ហាញពីវប្បធម៌ អត្តសញ្ញាណ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ប្រជាជន និងភ្ញៀវទេសចរបានស្វែងយល់ពីភាពចម្រុះនៃសហគមន៍ហ្វ្រង់កូហ្វូនី៕ ដោយ៖សុភ័ក្រ្ត















