លោក Olivier Cadic សមាជិកព្រឹទ្ធសភាបារាំង បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសទទួលដំណើរមកដល់នេះ លោក Julien BERT អគ្គនាយកក្រុមហ៊ុនខេមបូឌាអ៊ែរផត បានអញ្ជើញស្វាគមន៍លោក Olivier Cadic និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកម្មវិធីនានានៃព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ មុនចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ លោក Olivier Cadic និងគណៈប្រតិភូ ក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋាន ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មអាកាសចរណ៍នៅកម្ពុជា។


ដំណើរទស្សនកិច្ចនេះក៏ជាឱកាសបង្ហាញពីការរីកចម្រើននៃវិស័យអាកាសចរណ៍កម្ពុជា ជាពិសេសការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ប្រទេស។ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ២.៦០០ ហិកតា ដោយមានទុនវិនិយោគដំណាក់កាលដំបូងប្រមាណ ២,៣ ពាន់លានដុល្លារអាមេរិក និងបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មុនពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយគ្រោងពង្រីកសមត្ថភាពបន្ថែមនៅដំណាក់កាលបន្ទាប់។


ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិនានា រួមទាំងអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការរួមចំណែកពង្រឹងបណ្តាញតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានសារៈសំខាន់ក្នុងការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងវិនិយោគិន ជំរុញពាណិជ្ជកម្ម និងបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ និងវិនិយោគ។ ជាមួយគ្នានេះ ការទទួលស្វាគមន៍ឥស្សរជន និងគណៈប្រតិភូអន្តរជាតិក្នុងឱកាសព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ក៏ជាឱកាសបង្ហាញពីសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច និងសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិផងដែរ៕ ដោយ៖ សុភ័ក្រ្ត







