ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនាដោយសេរីនូវព្រឹត្តិការណ៍តាំងបង្ហាញភាពសម្បូរបែបនៃវប្បធម៌ សិល្បៈ ម្ហូបអាហារ នវានុវត្តន៍ និងស្នាដៃសហគ្រិនភាពរបស់ស្ត្រី និងយុវជនមកពីបណ្តាប្រទេសនិយាយភាសាបារាំង។


កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវតី រាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ និងទទួលយកបទពិសោធន៍ថ្មីៗពីភាពចម្រុះនៃវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសនានា។

ក្រៅពីជាវេទិកាបង្ហាញសក្តានុពលវប្បធម៌ និងស្នាដៃច្នៃប្រឌិត ព្រឹត្តិការណ៍នេះក៏មានគោលបំណងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការតភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងយុវជនក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ សកម្មភាពទាំងនេះក៏ឆ្លុះបញ្ចាំងពីតម្លៃសន្តិភាពសកល តាមរយៈការគោរពភាពចម្រុះ ការយោគយល់គ្នារវាងវប្បធម៌ និងការកសាងមិត្តភាពរវាងប្រជាជាតិ។ សាធារណជនអាចស្កេន QR Code នៅលើផ្ទាំងផ្សព្វផ្សាយ ដើម្បីទទួលបានព័ត៌មានលម្អិត និងកាលវិភាគនៃកម្មវិធីនីមួយៗ។

ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការសហការឧបត្ថម្ភពីដៃគូវិស័យឯកជនជាច្រើន៕ដោយ៖ សុភ័ក្រ្ត








