វត្តមានរបស់តារារ៉េបដ៏ល្បីឈ្មោះរបស់កម្ពុជា វណ្ណដា (VannDa) បានទាក់ទាញចំណាប់អារម្មណ៍ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ Brigitte Macron មកកាន់ប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ VannDa មានឱកាសជួបសំណេះសំណាល និងបង្ហាញភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសបារាំង ដែលជាទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមសកម្មភាពនានានៃដំណើរទស្សនកិច្ចនេះ។
ការជួបជុំរវាងសិល្បករខ្មែរដែលមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ និងប្រធានាធិបតីបារាំង បានបង្ហាញពីតួនាទីរបស់សិល្បៈ និងតន្ត្រីក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស VannDa គឺជាសិល្បករខ្មែរមួយរូបដែលបាននាំយកស្នាដៃតន្ត្រី និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ តាមរយៈស្ទីលតន្ត្រីប្លែក និងការបញ្ចូលធាតុផ្សំនៃវប្បធម៌ជាតិទៅក្នុងស្នាដៃរបស់ខ្លួន។
ជំនួបដ៏ពិសេសនេះ ក៏ជារូបភាពមួយដែលបង្ហាញពីការផ្សារភ្ជាប់រវាងវប្បធម៌ សិល្បៈ និងចំណងមិត្តភាពកម្ពុជា-បារាំង ដែលមានប្រវត្តិសាស្ត្រយូរអង្វែង។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងជំនួបនេះ គឺភាពសាមញ្ញ និងភាពរួសរាយរាក់ទាក់របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានបង្ហាញតាមរយៈការជួបសំណេះសំណាលជាមួយ VannDa ដោយភាពស្និទ្ធស្នាល និងមិនប្រកាន់ពិធីការតឹងរ៉ឹង។ កាយវិការដ៏រួសរាយនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការផ្ដល់តម្លៃដល់សិល្បៈករ ព្រមទាំងឆ្លុះបញ្ចាំងពីតួនាទីរបស់សិល្បៈក្នុងការតភ្ជាប់មនុស្ស និងវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ។ ជំនួបនេះមិនត្រឹមតែជាឱកាសដ៏ពិសេសសម្រាប់ VannDa ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទិដ្ឋភាពដ៏មានអត្ថន័យសម្រាប់សិល្បៈខ្មែរនៅក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ៕ អត្ថបទដោយ៖ សុភ័ក្រ្ត










