រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសកម្មភាពគន្លឹះ៣ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីពង្រឹងសន្តិភាព និងកសាងវិបុលភាពរួម

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហគមន៍ហ្វ្រង់កូហ្វូនីផ្តោតលើសកម្មភាពគន្លឹះចំនួន៣ រួមមាន ការបង្ការជម្លោះ ការត្រៀមខ្លួនសម្រាប់អនាគត និងការកសាងវិបុលភាពរួម ដើម្បីរួមចំណែកពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាស្ថិរភាពយូរអង្វែង។ សំណើនេះត្រូវបានលើកឡើងក្នុងសុន្ទរកថារបស់សម្តេចធិបតី នាឱកាសពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហគមន៍ហ្វ្រង់កូហ្វូនីផ្តោតលើសកម្មភាពគន្លឹះចំនួន៣ រួមមាន ការបង្ការជម្លោះ ការត្រៀមខ្លួនសម្រាប់អនាគត និងការកសាងវិបុលភាពរួម ដើម្បីរួមចំណែកពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាស្ថិរភាពយូរអង្វែង។ សំណើនេះត្រូវបានលើកឡើងក្នុងសុន្ទរកថារបស់សម្តេចធិបតី នាឱកាសពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដោយផ្អែកលើការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការពង្រឹងទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានសង្កត់ធ្ងន់ថា ព្រំដែនរវាងរដ្ឋមិនគួរត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី (Faits Accomplis) ឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធានាសន្តិសុខ និងស្ថិរភាពរបស់រដ្ឋទាំងអស់ ដោយមិនប្រកាន់ថាជាប្រទេសធំ ឬប្រទេសតូចនោះទេ។ ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះអាស៊ាន និងសហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់ការអនុវត្តបទឈប់បាញ់ និងការស្វែងរកដំណោះស្រាយជម្លោះតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការកសាងសន្តិភាពអាចត្រូវការពេលវេលាជាច្រើនជំនាន់ ប៉ុន្តែសន្តិភាពអាចបាត់បង់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ សន្តិភាពបង្កើតទំនុកចិត្ត ទំនុកចិត្តជំរុញការវិនិយោគ ហើយវិបុលភាពដែលត្រូវបានចែករំលែកប្រកបដោយសមធម៌ គឺជាកត្តាសំខាន់ក្នុងការថែរក្សាសន្តិភាពឱ្យបានយូរអង្វែង។ ដោយឈរលើទស្សនៈនេះ សម្តេចធិបតីបានដាក់ចេញនូវសំណើសកម្មភាពគន្លឹះចំនួន៣ សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី ដូចខាងក្រោម៖

ទី១៖ ការបង្ការជម្លោះ តាមរយៈការពង្រឹងយន្តការសន្ទនា និងសម្រុះសម្រួល

សម្តេចធិបតីបានស្នើឱ្យបង្កើតបណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួលជម្លោះ ដោយប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួលកិច្ចសន្ទនារវាងភាគីដែលមានការខ្វែងគំនិតគ្នា មុនពេលស្ថានការណ៍វិវឌ្ឍទៅជាអំពើហិង្សា ឬជម្លោះប្រដាប់អាវុធ។ សម្តេចបានលើកឡើងថា ការចាត់វិធានការបង្ការជាមុន មិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាព និងចំណាយតិចជាងការស្តារឡើងវិញក្រោយពេលវិបត្តិកើតឡើងផងដែរ។

ទី២៖ ការត្រៀមខ្លួនសម្រាប់អនាគត ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

ពាក់ព័ន្ធនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្តេចធិបតីបានលើកឡើងថា បច្ចេកវិទ្យានេះមានសក្តានុពលខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងសេដ្ឋកិច្ច។ ទោះជាយ៉ាងណា បច្ចេកវិទ្យានេះក៏អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងបោកបញ្ឆោត ផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កការបែកបាក់ក្នុងសង្គមផងដែរ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សម្តេចធិបតីបានស្នើឱ្យបង្កើតកម្មវិធីហ្វ្រង់កូហ្វូនីសម្រាប់ការបណ្តុះបណ្តាលយុវជន តាមរយៈការពង្រឹងកិច្ចសហការរវាងសាកលវិទ្យាល័យ ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកធនធានអប់រំជាភាសាបារាំង ដោយផ្តល់ការយកចិត្តទុកដាក់ជាពិសេសដល់ប្រទេសដែលមានធនធាន និងសមត្ថភាពបច្ចេកវិទ្យានៅមានកម្រិត។

សម្រាប់កម្ពុជា សម្តេចធិបតីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងការរៀបចំបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាឱ្យភាសាបារាំងបន្តវិវឌ្ឍស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរក្សាតួនាទី និងភាពរស់រវើករបស់ភាសានេះក្នុងសង្គមសម័យទំនើប។

ទី៣៖ ការកសាងវិបុលភាពរួម តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន

សម្តេចធិបតីបានបញ្ជាក់ថា សន្តិភាព និងវិបុលភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដោយសន្តិភាពបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រីកឱកាសអប់រំសម្រាប់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា វិបុលភាពពិតប្រាកដមិនមែនសំដៅត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យផលប្រយោជន៍នៃកំណើននោះត្រូវបានចែករំលែកប្រកបដោយសមធម៌ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានឱកាស និងអត្ថប្រយោជន៍ពីការអភិវឌ្ឍ។

ក្នុងន័យនេះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យមានការពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងសហគ្រាសនៃបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី និងសហគ្រាសក្នុងតំបន់អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម ពង្រីកឱកាសវិនិយោគ និងបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ ដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងអស់។

តាមរយៈសំណើសកម្មភាពគន្លឹះទាំង៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីទិសដៅដែលកម្ពុជាចង់ឃើញសហគមន៍ហ្វ្រង់កូហ្វូនីបន្តអនុវត្ត ដោយផ្តោតលើការបង្ការជម្លោះមុនពេលវិបត្តិកើតឡើង ការពង្រឹងសមត្ថភាពមនុស្សសម្រាប់អនាគត និងការជំរុញកំណើនសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប។ សំណើទាំងនេះក៏ឆ្លុះបញ្ចាំងពីស្មារតីនៃមូលបទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលផ្តោតលើការរួមគ្នាកសាងសន្តិភាព ពង្រឹងសាមគ្គីភាព និងលើកកម្ពស់វិបុលភាពរួម ដើម្បីធានាស្ថិរភាពយូរអង្វែងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ អត្ថបទ៖ ប៉ៃ សុឃីម/រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…