កម្ពុជាបានប្រារព្ធពិធីអបអរសាទរខួប៧៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ (១៩៥១-២០២៦) នៅសារមន្ទីរជាតិកម្ពុជា ដោយបានកាត់ខ្សែបូបើកសម្ពោធពិព័រណ៍រូបថត សៀវភៅអនុស្សាវរីយ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកជំទាវ ឆាយ ថងឌី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា និងឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ។កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិ តំណាងអង្គការអន្តរជាតិ ឯកអគ្គរាជទូត-រដ្ឋទូតប្រចាំកម្ពុជា តំណាងគណៈប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ការិយាល័យយូណេស្កូប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។



ក្នុងឱកាសដ៏មានអត្ថន័យនេះ គឺជាការរំលឹកដល់ដំណើរជាង៧ទសវត្សរ៍ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ មក ដែលអង្គការយូណេស្កូ បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារ អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ ការអភិវឌ្ឍវិស័យអប់រំ វិទ្យាសាស្ត្រ ព័ត៌មាន និងសារគមនាគមន៍ នៅកម្ពុជា ប្រកបដោយចីរភាព និងសន្តិភាព៕ដោយ៖ ស្រីពី






