សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។ ការអញ្ជើញមកកាន់កម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំង គឺក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃការបន្តថែរក្សា ពួនជ្រំនិងពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដែលមានមូលដ្ឋានលើទំនាក់ទំនងដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ប្រទេសទាំងពីរមានឱកាសបន្តជំរុញភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងការពារជាតិ ដើម្បីបង្កើនផលប្រយោជន៍រួម។


ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំង នឹងជួយបង្កើតលទ្ធភាពថ្មីៗសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន បង្កើនឱកាសការងារ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក។ ទន្ទឹមនឹងនេះ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង លើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនតួនាទីរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពរួម៕










