ខេត្តព្រះសីហនុ៖ ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើង បណ្ដាលឱ្យមនុស្សចំនួន ៣នាក់បាត់បង់ជីវិត ក្នុងនោះមានស្ត្រីជាម្ដាយម្នាក់ និងកូនប្រុសស្រីចំនួន ២នាក់។
យោងតាមព័ត៌មានបឋម ករណីអគ្គិភ័យនេះបានកើតឡើងនៅចំណុចក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


តាមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនៅទីតាំងខាងលើ។ហេតុការណ៍ដ៏សោកសៅនេះបានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សទាំង ៣នាក់។ព័ត៌មានលម្អិតអំពីមូលហេតុនៃការកើតអគ្គិភ័យ និងការខូចខាតផ្សេងៗ នឹងជម្រាបជូននៅពេលទទួលបានព័ត៌មានបន្ថែម៕ ដោយ៖ ប៉ៃ សុឃីម






















