រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-បារាំង ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៩ ដើម្បីពង្រឹងចំណងមិត្តភាព និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៩ ដែលជាសក្ខីភាពបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខាលើឯកសារទាំង ២៩ នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន ពន្ធដារ ការពារជាតិ បេតិកភណ្ឌវប្បធម៌ ថាមពល សុខភាពសាធារណៈ ពាណិជ្ជកម្ម ព្រមទាំងវិស័យសាធារណៈ និងឯកជន។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៩ ដែលជាសក្ខីភាពបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ។
ការចុះហត្ថលេខាលើឯកសារទាំង ២៩ នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន ពន្ធដារ ការពារជាតិ បេតិកភណ្ឌវប្បធម៌ ថាមពល សុខភាពសាធារណៈ ពាណិជ្ជកម្ម ព្រមទាំងវិស័យសាធារណៈ និងឯកជន។

ក្នុងចំណោមឯកសារសំខាន់ៗទាំងនោះ មានកិច្ចព្រមព្រៀងពន្ធដារទ្វេភាគី កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សេចក្តីប្រកាសបំណងស្តីពីការគាំទ្រដល់វិជ្ជាជីវៈបេតិកភណ្ឌ ឯកសារប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គិសនី យន្តការស្រាវជ្រាវសុខភាពសាធារណៈ និងកិច្ចសន្យាបង្កើតទីផ្សារបោះដុំ។ ជាមួយគ្នានេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២៣ ផ្សេងទៀត ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន។

ឯកសារទាំងនេះមានសារៈសំខាន់ក្នុងការបង្កើតក្របខ័ណ្ឌសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងធនធានរវាងប្រទេសទាំងពីរ។ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាចជួយពង្រីកឱកាសវិនិយោគ ខណៈកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ថាមពល និងការអភិរក្សបេតិកភណ្ឌ អាចរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-បារាំង មានមូលដ្ឋានលើប្រវត្តិសាស្ត្រ និងចំណងមិត្តភាពដ៏យូរអង្វែង។ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការបន្តថែរក្សាមរតកនៃទំនាក់ទំនងដ៏មានតម្លៃ និងបើកទំព័រថ្មីសម្រាប់ភាពជាដៃគូក្នុងបរិបទនៃការអភិវឌ្ឍ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។


ជាមួយគ្នានេះ ការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទទួលបានឱកាសរៀបចំពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក៏ជាការបង្ហាញពីតួនាទីរបស់កម្ពុជាក្នុងការជំរុញការសន្ទនា ការតភ្ជាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ជារួម ការចុះហត្ថលេខាលើឯកសារចំនួន ២៩ រវាងកម្ពុជា និងបារាំង មិនមែនគ្រាន់តែជាសមិទ្ធផលនៃកិច្ចការទូតនោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់បន្តបម្លែងចំណងមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលមានសារៈប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលអនាគត៕ដោយ៖ សុភ័ក្រ្ត


មតិយោបល់

កំពុងផ្ទុកមតិយោបល់…