ធនាគារពិភពលោកបានសម្ដែងនូវការកោតសរសើរចំពោះវឌ្ឍនភាពកំណែទម្រង់ការអប់រំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងវិធីសាស្ត្រដែលកំណែទម្រង់នេះត្រូវបានរៀបចំឡើងជាប្រព័ន្ធទាំងមូល។នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយធនាគារពិភពលោក ស្តីពីកំណែទម្រង់ការអប់រំរបស់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តម ហង់ជួន ណារ៉ុន បានរៀបរាប់ថា កំណែទម្រង់ចាប់ផ្តើមពីសាលារៀន ដោយពិនិត្យមើលនូវអ្វីដែលអាចដំណើរការបាននៅមូលដ្ឋាន រួចបំប្លែងវាទៅជាគោលនយោបាយអប់រំថ្នាក់ជាតិ។ កំណែទម្រង់នេះត្រូវបានគាំទ្រដោយការបណ្តុះបណ្តាលគ្រូបង្រៀន ការវាយតម្លៃតាមស្តង់ដា និងការចូលរួមពីមាតាបិតា និងសហគមន៍ ក្រោមក្របខ័ណ្ឌនៃស្តង់ដារសាលាគំរូ ដោយយកបទពិសោធន៍ពីការសាកល្បងសាលារៀន
ចំនួន១០០ ក្រោមគម្រោងដែលគាំទ្រដោយវិញ្ញប្បទានរបស់ធនាគារពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមសង្កត់ធ្ងន់ថា ជោគជ័យនេះគឺជាសមិទ្ធផលរួមរបស់គ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន មាតាបិតា សហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ អាទិភាពបន្ទាប់របស់ក្រសួងគឺការបន្តកំណែទម្រង់គ្រូបង្រៀន កំណែទម្រង់សាលារៀន ការកសាងវប្បធម៌អានឱ្យរឹងមាំជាងមុន ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវសម្រាប់ការសិក្សា និងការបង្រៀន និងការរក្សាបាននូវវឌ្ឍនភាព តាមរយៈគណនេយ្យភាព និងការគាំទ្រជាបន្តដល់គ្រូបង្រៀន៕ ដោយ៖ ស្រីពី







