លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរួមដំណើរជាមួយលោកជំទាវជាភរិយានៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាមិត្ត ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ព្រះរាជសវនាការដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្នុងឱកាសដ៏វិសេសវិសាល ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាមិត្តជាច្រើន។



ព្រះរាជសវនាការនេះ មិនត្រឹមតែជាការចូលក្រាបបង្គំគាល់ដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីការគោរពសក្ការៈចំពោះព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ព្រមទាំងការយកចិត្តទុកដាក់ចំពោះប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ វត្តមានរបស់លោកជំទាវភរិយាថ្នាក់ដឹកនាំប្រទេសជាមិត្តនៅក្នុងព្រះបរមរាជវាំង ក៏បានបង្ហាញពីការគោរពចំពោះព្រះរាជាណាចក្រកម្ពុជា និងជាការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសនានាឱ្យកាន់តែជិតស្និទ្ធ៕ដោយ៖ សុភ័ក្រ្ត














