នៅក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក្រុមការងារទូរទស្សន៍ KPS99 បានចូលរួមយ៉ាងសកម្មក្នុងការយកព័ត៌មាន ផ្តិតយករូបភាព និងកត់ត្រារាល់សកម្មភាពសំខាន់ៗនៃព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានទស្សនា និងស្វែងយល់ពីព្រឹត្តិការណ៍ដ៏មានតម្លៃនេះ។

នៅពីក្រោយរូបភាពនីមួយៗ និងព័ត៌មានដែលបានផ្សព្វផ្សាយ គឺជាការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់ទូរទស្សន៍ KPS99 ក្នុងការនាំយកព័ត៌មានពិត សកម្មភាពជាក់ស្តែង និងបរិយាកាសនៃកិច្ចប្រជុំអន្តរជាតិមួយនេះ ទៅកាន់ក្រសែភ្នែករបស់សាធារណជន។ ជាពិសេស ការបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសនានា។

ការចូលរួមនេះមិនត្រឹមតែជាការបំពេញភារកិច្ចក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយកិត្យានុភាពកម្ពុជាទៅកាន់សាធារណជនផងដែរ។ នេះជាការបង្ហាញពីស្មារតីវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នព័ត៌មានទូរទ្សន៍ KPS99 ក្នុងនាមជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយដែលមានសកម្មភាពលេចធ្លោនៅក្នុងខេត្តព្រះសីហនុ ដោយបន្តខិតខំនាំយកព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងទូលំទូលាយ៕








