ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបុណ្យសពជនរងគ្រោះចំនួន៣នាក់ ដែលជាម្តាយនិងកូន ដើម្បីចូលរួមរំលែកទុក្ខ និងសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតសមាជិកគ្រួសារដ៏មានតម្លៃក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងលក់ម៉ូតូមួយកន្លែង ក្បែរផ្សារឃ្លាំងលើ ទល់មុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ក្នុងឱកាសនោះ ការអញ្ជើញចូលរួមរបស់ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីការយកចិត្តទុកដាក់ និងសមានចិត្តចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលកំពុងរងនូវការឈឺចាប់ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ភ្លាមៗក្នុងហេតុការណ៍ដ៏អកុសលនេះ។ វត្តមានរបស់ថ្នាក់ដឹកនាំខេត្តក្នុងពិធីបុណ្យសព ក៏ជាការបង្ហាញនូវការចូលរួមសោកសង្រេង និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសព ឱ្យមានភាពរឹងមាំក្នុងការឆ្លងកាត់ទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ ព្រមទាំងសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានទទួលមរណភាព។


សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បណ្តាលឱ្យម្តាយនិងកូនចំនួន៣នាក់បាត់បង់ជីវិត និងបង្កការសោកស្តាយយ៉ាងខ្លាំងក្នុងសហគមន៍រួមទាំងក្រុមគ្រួសារសព។ ករណីដ៏សោកសៅនេះក៏ជាការរំឭកបន្ថែមទៀតដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងលំនៅឋាន និងទីតាំងប្រកបអាជីវកម្មផងដែរ៕ដោយ៖ សុភ័ក្រ្ត











