បទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងការរុករក និងបោសសម្អាតគ្រាប់មីនរាប់លានគ្រាប់ពីក្នុងដី បានក្លាយជាស្ពានតភ្ជាប់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថានៅក្នុង សន្និសីទសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦ ដែលប្រារព្ធឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន Residence Palace ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ពិធីបើកកម្រិតខ្ពស់នេះ ក៏មានកិច្ចចូលរួមចែករំលែកទស្សនៈពីសំណាក់ព្រះនាងអាស្ត្រ៊ីដ នៃប្រទេសបែលហ្ស៊ិក ឯកឧត្តម Serhii Koretskyi នាយករដ្ឋមន្ត្រីអ៊ុយក្រែន ព្រមទាំងឥស្សរជនជាន់ខ្ពស់អន្តរជាតិជាច្រើនរូបទៀតផងដែរ។
តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញពីសាមគ្គីភាពយ៉ាងមុតមាំជាមួយប្រជាជនអ៊ុយក្រែន ដោយបានរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម និងបន្សល់ទុកនូវគ្រោះថ្នាក់ក្នុងដីរាប់ទសវត្សរ៍។ ទន្ទឹមនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដែលអាចស្តារដីទំហំប្រមាណ ៤២.០០០ គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋវិញ ទោះបីក្នុងស្ថានភាពសង្គ្រាម កម្ពុជាក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងតាមរយៈកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញសង្គ្រោះបន្ទាន់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២៣ ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន ទាំងនៅកម្ពុជា និងប្រទេសប៉ូឡូញ។



ផ្អែកលើមេរៀនជាក់ស្តែងជាងបីទសវត្សរ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកនូវ ក្បួនគន្លឹះសំខាន់ៗចំនួន ៣ ដល់អ៊ុយក្រែន រួមមាន ការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័នជាតិឱ្យបានតាំងពីដំណាក់កាលដំបូង ការគាំទ្រ និងថែទាំជនរងគ្រោះ ក៏ដូចជាអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយគ្រាប់មីនពេញមួយជីវិត និង ការដាក់ចេញនូវផែនការបោសសម្អាតយ៉ាងច្បាស់លាស់ និងប្តេជ្ញាចិត្តដោះរហូតដល់គ្រាប់មីនគ្រាប់ចុងក្រោយ។
ឆ្លងកាត់បទពិសោធន៍ផ្ទាល់ រួមទាំងការប្រឈមមុខនឹងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោយជម្លោះតាមព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមបានបញ្ជាក់ថា ការបោសសម្អាតដីឱ្យមានសុវត្ថិភាពឡើងវិញ គឺទាមទារពេលវេលា ការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។


កម្ពុជាបានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិដែលធ្លាប់បានជួយខ្លួនកន្លងមក និងបានប្រកាសបើកទូលាយនូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ទីលានហ្វឹកហ្វឺន ព្រមទាំងបញ្ជូនក្រុមអ្នកជំនាញដោះមីនរបស់ខ្លួន ត្រៀមខ្លួនជួយគាំទ្រអ៊ុយក្រែនជានិច្ច រហូតទាល់តែបេសកកម្មមនុស្សធម៌ដ៏មានតម្លៃនេះ ទទួលបានជោគជ័យពេញលេញ៕ ដោយ៖ ប៉ៃ សុឃីម







