ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៦ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៦ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៧ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី៣ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំជាមួយដៃគូទាំងនេះ ថ្នាក់ដឹកនាំបានពិភាក្សា និងអនុម័តឯកសារសំខាន់ៗ ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ក្នុងតំបន់។ ជាពិសេស កិច្ចប្រជុំអាស៊ាន-ចិនបានអនុម័តសេចក្ដីប្រកាសរួមចំនួន៣ ពាក់ព័ន្ធនឹងខួបទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការថាមពល និងវិស័យរុក្ខាប្រមាញ់ ព្រមទាំងបានគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថល។ ចំណែកកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ ដោយផ្តោតលើសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងភាពធន់ចំពោះបញ្ហាប្រឈមសកល។


ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) និងកិច្ចព្រមព្រៀង RCEP ព្រមទាំងការជំរុញការអភិវឌ្ឍជនបទ ថាមពលកកើតឡើងវិញ និងបណ្តាញអគ្គិសនីអាស៊ាន។ ជាមួយគ្នានេះ កម្ពុជាបានគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីលើការវិនិយោគ ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សេវាកម្មឌីជីថល អាហារូបករណ៍ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំពោះភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ កិច្ចប្រជុំបានជំរុញការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ និងពង្រីកកិច្ចសហប្រតិបត្តិការលើសហគ្រាសធុនមីក្រូ តូច និងមធ្យម បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចច្នៃប្រឌិត និងថាមពលបៃតង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការចែករំលែកព័ត៌មាន ការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការការពារជនរងគ្រោះ។


ដោយឡែក កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី៣ បានពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៧-២០៣១ ដោយផ្តោតលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងបានអនុម័តសេចក្ដីថ្លែងការណ៍របស់សហប្រធាន។ ក្នុងឱកាសនេះ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងបង្ហាញការត្រៀមខ្លួនទទួលតួនាទីជាសហប្រធាននៅឆ្នាំ២០២៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងអនុតំបន់មេគង្គ។ ជារួម ការចូលរួមកិច្ចប្រជុំកំពូលទាំងនេះបានបង្ហាញពីការបន្តចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខ័ណ្ឌពហុភាគី និងការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕ ដោយ៖ សុភ័ក្រ្ត







