ខេត្តតៃនិញ ប្រទេសវៀតណាម៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តាំង សាមឿន អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង បានដឹកនាំក្រុមការងារគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា (3CEP) រួមជាមួយលោក ណៃ ចំណង់ អគ្គនាយករងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងក្រុមការងារសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ចុះសិក្សាស្វែងយល់ពីស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាត របស់ប្រទេសវៀតណាម ដែលជាផ្លូវច្រកជាមួយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងរបស់កម្ពុជា។



ក្រុមការងារក៏បានជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធរបស់វៀតណាម ដើម្បីឆ្វេងយល់ពីស្ថានភាពប្រតិបត្តិការច្រកទ្វារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលតភ្ជាប់ទៅកាន់ទីប្រជុំជន និងតំបន់សេដ្ឋកិច្ចក្នុងខេត្តតៃនិញ ដោយមានការចូលរួមពីតំណាងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាផងដែរ។
ការចុះសិក្សានេះមានគោលបំណងប្រមូលព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថានភាពផ្លូវតភ្ជាប់ បរិមាណទំនិញ និងសក្តានុពលសេដ្ឋកិច្ចដឹកជញ្ជូន ព្រមទាំងស្វែងយល់ពីផែនការអភិវឌ្ឍន៍ច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាតក្នុងរយៈពេលមធ្យម និងវែង។ ជាមួយគ្នានេះ ក្រុមការងារបានសិក្សាពីឧត្តមានុវត្តន៍ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងចក្ខុវិស័យរបស់ភាគីវៀតណាមចំពោះលទ្ធភាពពង្រីកច្រកទ្វារនេះនាពេលអនាគត ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធអាចឆ្លើយតបនឹងតម្រូវការដឹកជញ្ជូន និងពាណិជ្ជកម្មដែលកំពុងកើនឡើង។

ជាលទ្ធផល ធាតុចូលដែលប្រមូលបានពីការសិក្សានឹងត្រូវយកមកប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធនៅស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ឱ្យកាន់តែទំនើប មានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងស្មើភាពជាមួយភាគីវៀតណាម។



គម្រោងនេះរំពឹងថានឹងជួយសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពង្រឹងវិស័យភស្តុភារកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ឱ្យឈានដល់គោលដៅ ២០ពាន់លានដុល្លារអាម៉េរិក ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ព្រមទាំងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពធន់នៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ដោយ៖ សុភ័ក្រ្ត







