ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងមិត្តភាពកម្ពុជា-អាម៉េរិក នឹងកាន់តែរីកចម្រើន ព្រមទាំងជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។





ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីការពារសន្តិសុខសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។ ចំពោះបញ្ហាព្រំដែន កម្ពុជាបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។ ឯកឧត្តមក៏បានលើកឡើងពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ដោយរំលេចថា កម្ពុជាជាប្រទេសដំបូងដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) ជាមួយសហរដ្ឋអាម៉េរិក។




លើសពីនេះ កម្ពុជាកំពុងបន្តកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការសម្រួលនីតិវិធី និងផ្តល់សេវាសម្របសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ចិត្ត តាមរយៈស្ថាប័ន ក.អ.ក. ដែលជាសេនាធិការច្រកចេញចូលតែមួយ។

ជាការឆ្លើយតប ឯកឧត្តម Christopher Anderson បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសជួបពិភាក្សាការងារ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-អាម៉េរិក ដែលកំពុងមានភាពល្អប្រសើរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការលើកទឹកចិត្ត និងជំរុញវិនិយោគិនអាម៉េរិកឱ្យមកស្វែងយល់ពីសក្តានុពល និងបង្កើនការវិនិយោគនៅកម្ពុជា៕ដោយ៖ សុភ័ក្រ្ត






