កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអនុម័តសេចក្ដីសម្រេចមួយ ដោយបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចំពោះភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ។
សេចក្ដីសម្រេចនេះបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពប្រជាជនភៀសសឹក និងអំពាវនាវឱ្យធានាការវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយស្ម័គ្រចិត្ត មានសុវត្ថិភាព និងយូរអង្វែង ព្រមទាំងធានាឱ្យពួកគេទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់ដោយគ្មានការរារាំង។ សេចក្ដីសម្រេចក៏បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនត្រូវដោះស្រាយតាមមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយមិនអាចផ្លាស់ប្តូរទឹកដីតាមរយៈការប្រើប្រាស់កម្លាំងបានឡើយ។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលបានអំពាវនាវឱ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់ និងបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ឱ្យបានឆាប់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងសេចក្ដីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសបើកកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បទឈប់បាញ់នៅតែមានសុពលភាព ប៉ុន្តែស្ថានការណ៍តាមព្រំដែននៅតែផុយស្រួយ ខណៈកងទ័ពថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា ដែលធ្វើឱ្យប្រជាជនភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាពបាន។ ចំណែកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានអំពាវនាវឱ្យដោះស្រាយបញ្ហាទ្វេភាគីតាមយន្តការដែលមានស្រាប់។ ដោយឡែក សេចក្ដីសម្រេចក៏បានស្វាគមន៍នីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ សម្រាប់ដោះស្រាយជម្លោះដែនសមុទ្រផងដែរ។
គួរបញ្ជាក់ថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រជាជនប្រមាណ ៦៤៩.០០០នាក់ បានភៀសសឹកក្នុងអំឡុងជម្លោះ ហើយប្រមាណ ២០.០០០នាក់ នៅតែស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ រាជរដ្ឋាភិបាលបានរៀបចំលំនៅឋានបណ្ដោះអាសន្នចំនួន ៥.០៤៣ខ្នង នៅក្នុងខេត្តជាប់ព្រំដែនចំនួនបួន ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់៕ដោយ៖ ឆី






