ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ឱ្យបានជ្រាបអំពីការចាប់ផ្តើមសាងសង់ជាផ្លូវការនូវគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា។ គម្រោងនេះមានទីតាំងសាងសង់នៅត្រើយខាងកើត ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តការដ្ឋានសាងសង់ស្ពាននេះ លំហនាវាចរណ៍នៅតាមដងទន្លេមេគង្គក្នុងតំបន់ការដ្ឋាននឹងមានការរួមតូច ដែលអាចបង្កការលំបាក និងរំខានដល់ការធ្វើដំណើរឆ្លងកាត់របស់នាវា ព្រមទាំងការដឹកជញ្ជូនតាមផ្លូវទឹក។

ដើម្បីបង្ការហានិភ័យ និងធានាសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទឹកទាំងអស់ ជាពិសេសប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបើកបរឆ្លងកាត់តំបន់ការដ្ឋាន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ដោយ៖ សុភ័ក្រ្ត








