ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រតិភូសភាប្រមាណ ៣០ប្រទេសថា ទោះបីបទឈប់បាញ់រវាងកម្ពុជា-ថៃនៅបន្តមានជាធរមានក៏ដោយ កម្ពុជានៅតែមានការព្រួយបារម្ភចំពោះសកម្មភាពយោធាថៃ និងការបន្តកាន់កាប់ដោយខុសច្បាប់លើតំបន់មួយចំនួននៃដែនអធិបតេយ្យភាពកម្ពុជា។សម្តេចប្រធានរដ្ឋសភាបានថ្កោលទោសចំពោះសកម្មភាពឯកតោភាគីដែលប្រើប្រាស់កម្លាំងដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនព្រមទាំងអំពាវនាវឱ្យភាគីថៃបញ្ឈប់ការកាន់កាប់ជាបន្ទាន់និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កុងសង់ស៊ីសហ្វូសៀនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានជំរុញឱ្យមានការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈយន្តការគណៈកម្មការចម្រុះព្រំដែន (JBC)។ ចំពោះបញ្ហាដែនសមុទ្រ កម្ពុជាបានជ្រើសរើសយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយចាត់ទុកការចូលរួមរបស់ថៃក្នុងដំណើរការនេះថាជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមសម្រាប់ការដោះស្រាយភាពខ្វែងគំនិតគ្នាតាមផ្លូវសន្តិវិធី។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យយកចិត្តទុកដាក់ជាបន្ទាន់ចំពោះស្ថានភាពប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០.០០០នាក់ ដែលនៅបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន និងមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញឱ្យសភាសមាជិកអន្តរសភាអាស៊ាន (AIPA) បង្កើនតួនាទីក្នុងការកសាងទំនុកចិត្តរវាងប្រទេសនានា លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្តេចបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួម ដើម្បីធានាការរក្សាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាព និងការដោះស្រាយបញ្ហាតាមមធ្យោបាយការទូត៕ ដោយ៖ សុភ័ក្រ្ត







