រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

​រូបបដិមាទេពធីតាឧមាមាស អាយុកាលជាង១.០០០ឆ្នាំ ដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

រូបបដិមាទេពធីតាឧមាមាស ដែលជាស្នាដៃសិល្បៈសំរឹទ្ធស្រោបមាសដ៏កម្រពីសម័យអង្គរ កំពុងត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍រយៈពេលខ្លីមួយនៅសារមន្ទីរជាតិ ដោយបង្ហាញពីភាពរុងរឿងនៃសិល្បៈ និងសិប្បកម្មខ្មែរបុរាណ។ រូបបដិមានេះត្រូវបានប្រជាកសិកររកឃើញកប់ក្នុងដី រួមជាមួយរូបបដិមាសំរឹទ្ធចំនួន៣ផ្សេងទៀត កាលពីខែមិថុនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើស្រែចម្ការនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មុននឹងប្រគល់ជូនអាជ្ញាធរមូលដ្ឋាន។


រូបបដិមាទេពធីតាឧមាមាស ដែលជាស្នាដៃសិល្បៈសំរឹទ្ធស្រោបមាសដ៏កម្រពីសម័យអង្គរ កំពុងត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍រយៈពេលខ្លីមួយនៅសារមន្ទីរជាតិ ដោយបង្ហាញពីភាពរុងរឿងនៃសិល្បៈ និងសិប្បកម្មខ្មែរបុរាណ។ រូបបដិមានេះត្រូវបានប្រជាកសិកររកឃើញកប់ក្នុងដី រួមជាមួយរូបបដិមាសំរឹទ្ធចំនួន៣ផ្សេងទៀត កាលពីខែមិថុនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើស្រែចម្ការនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មុននឹងប្រគល់ជូនអាជ្ញាធរមូលដ្ឋាន។ ក្រោយពីទទួលបានការសម្អាត និងជួសជុល រូបបដិមានេះត្រូវបានកំណត់ថា មានអាយុកាលតាំងពីពាក់កណ្ដាលសតវត្សរ៍ទី១០ និងជាស្នាដៃសិល្បៈរចនាបថឃ្លាំង នៃសម័យអង្គរ។


ចំណុចដែលធ្វើឱ្យរូបបដិមានេះមានភាពលេចធ្លោ គឺក្បាច់ចម្លាក់ និងគ្រឿងលម្អដ៏ល្អប្រណីត។ ទេពធីតាឧមាត្រូវបានបង្ហាញក្នុងឥរិយាបថអង្គុយបត់ជើងទៅម្ខាង ដោយជើងស្តាំទាញថយក្រោយ និងដៃឆ្វេងកាន់ជើងឆ្វេងសម្រាប់ទ្រទ្រង់។ កាយវិការនេះរំឭកដល់ទេពធីតាឧមា ដែលជាមហេសីរបស់ព្រះសិវៈ និងតែងត្រូវបានបង្ហាញក្នុងសិល្បៈខ្មែរបុរាណគង់នៅក្បែរព្រះស្វាមីលើខ្នងគោនន្ទិន។
 រូបចម្លាក់នេះមានមកុដលម្អចងនៅខាងក្រោយសក់ក្រង សក់បួងឡើងជាកំពូល ក្រវិល ខ្សែកអង្កាំដែលមានគ្រឿងព្យួរឆ្លាក់ល្អិតល្អន់ កងដៃ និងកងជើង ព្រមទាំងសំពត់វែងមានផ្នត់ និងខ្សែក្រវាត់នៅចង្កេះ។ ចំណែកព្រះភក្ត្របង្ហាញទឹកមុខស្ងប់ស្ងាត់ស្រទន់ ដោយភ្នែកហាក់ដូចជាប្រើថ្មអូបស៊ីឌៀនពណ៌ខ្មៅ និងចិញ្ចើមមានស្នាមឆ្លាក់ ដែលអាចធ្លាប់មានការបំពាក់ប្រាក់នៅផ្នែកខាងក្នុង។

ទោះបីមានអាយុកាលប្រមាណ១.០០០ឆ្នាំ និងត្រូវបានកប់ក្នុងដីអស់រយៈពេលយូរក៏ដោយ ក៏រូបបដិមាទេពធីតាឧមាមាសនៅតែរក្សាបាននូវសភាពល្អគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីសមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់សិប្បករខ្មែរក្នុងការចាក់ពុម្ពសំរឹទ្ធតាំងពីសតវត្សរ៍ទី១០។ ជាមួយនឹងរូបបដិមានេះ ពិព័រណ៍នៅសារមន្ទីរជាតិក៏មានដាក់តាំងចិញ្ចៀនមាស និងវត្ថុបុរាណធ្វើពីមាសជាច្រើនទៀត ដែលបង្ហាញពីភាពសម្បូរបែបនៃគ្រឿងអលង្ការ និងសិល្បៈខ្មែរបុរាណផងដែរ។ ពិព័រណ៍នេះនឹងបន្តបើកឱ្យសាធារណជនចូលទស្សនារហូតដល់ថ្ងៃអាទិត្យ។ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…