រាជធានីភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន សរុបចំនួន ២,៤ ប៊ីលានយ៉េន ឬប្រមាណ ១៦,១១ លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមចំនួនពីរនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ជប៉ុនផ្តល់ថវិកាចំនួន ១,៤ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៩,៤ លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់រោងចក្រផលិតក្ល័ររាវ ដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់សារធាតុសម្លាប់មេរោគដែលមានសុវត្ថិភាព ភាពជឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់ សម្រាប់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។ ចំណែកថវិកាចំនួន ១ ប៊ីលានយ៉េន ឬប្រមាណ ៦,៧១ លានដុល្លារអាម៉េរិកទៀត នឹងប្រើប្រាស់សម្រាប់គម្រោងគ្រប់គ្រងសំណល់រឹងទីប្រជុំជនតាមបែបសេដ្ឋកិច្ចចក្រក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់ និងលើកកម្ពស់ការប្រើប្រាស់ធនធានឡើងវិញប្រកបដោយប្រសិទ្ធភាព។
ជំនួយឥតសំណងទាំងនេះ ត្រូវបានរំពឹងថានឹងចូលរួមលើកកម្ពស់សុខភាពសាធារណៈ ការគ្រប់គ្រងបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព។ ជាមួយគ្នានេះ ការបន្តផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ក៏បង្ហាញពីការបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ក្ល័ររាវ គឺជាសារធាតុគីមីដ៏មានសារៈសំខាន់ក្នុងការសម្លាប់មេរោគ និងធានាសុវត្ថិភាពទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ សារធាតុនេះត្រូវបានប្រើប្រាស់ក្នុងរោងចក្រផលិតទឹកស្អាត មន្ទីរពេទ្យ អាងហែលទឹក និងវិស័យឧស្សាហកម្មមួយចំនួន ដើម្បីកាត់បន្ថយមេរោគបង្កជំងឺ និងរក្សាអនាម័យ។ការសាងសង់រោងចក្រផលិតក្ល័ររាវក្នុងស្រុក អាចផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ជួយធានាការផ្គត់ផ្គង់សារធាតុសម្លាប់មេរោគសម្រាប់វិស័យទឹកស្អាត កាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស រួមចំណែកការពារសុខភាពសាធារណៈ និងលើកកម្ពស់អនាម័យ។បង្កើតឱកាសការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឧស្សាហកម្មជាតិ៕ ដោយ៖សុភ័ក្រ្ត








