សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំរៀបចំឡើងនៅវិមានសន្តិភាព ដោយមានការពិភាក្សា និងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធនឹងការកែទម្រង់សេដ្ឋកិច្ច ការសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយបណ្តាប្រទេស និងដៃគូក្នុងតំបន់។
របៀបវារៈទី១ ផ្តោតលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ចំណែករបៀបវារៈទី២ គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។


រីឯរបៀបវារៈទី៣ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។
ការដាក់បញ្ចូលរបៀបវារៈទាំងបីនេះ បង្ហាញពីការយកចិត្តទុកដាក់លើការជំរុញកំណែទម្រង់ក្នុងស្រុក ការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្ម និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូក្នុងតំបន់។ ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានចាត់ទុកថាជាក្របខ័ណ្ឌសំខាន់សម្រាប់គាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់៕ ដោយ៖ សុភ័ក្រ្ត












