អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងសេចក្តីបំភ្លឺ កម្ពុជាបានបដិសេធការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់វេទិកាអន្តរជាតិនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយនិទានរឿងតែម្ខាង ដោយបញ្ជាក់ថា ការលើកឡើងអំពីស្ថានការណ៍ព្រំដែន គឺក្នុងគោលបំណងបង្ហាញពីការវិវត្តជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ ព្រមទាំងជំរុញការសន្ទនា ការបន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ កម្ពុជាក៏បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខ្លួនបានបំពេញតួនាទីដោយអព្យាក្រឹតភាព តម្លាភាព និងគោរពតាមនីតិវិធីរបស់ OIF ព្រមទាំងមានសិទ្ធិស្របច្បាប់ក្នុងការលើកឡើងពីបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសុខុមាលភាពប្រជាពលរដ្ឋរបស់ខ្លួន។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន កម្ពុជាបានលើកឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ វត្តមានកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតបេតិកភណ្ឌវប្បធម៌ និងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ ២០.០០០ នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតបានវិញ។ ចំពោះបញ្ហាការទាមទារទឹកដីដែលមានការខ្វែងគំនិតគ្នា កម្ពុជាបញ្ជាក់ថា ត្រូវដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការកំណត់ព្រំដែនតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ 
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តវិធានការកសាងទំនុកចិត្តដែលបានពិភាក្សាកាលពីខែតុលា ឆ្នាំ២០២៦ និងការព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីទាំងពីរនៅស៊ីប៊ូ ក្នុងខែឧសភា ឆ្នាំ២០២៦ ព្រមទាំងការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្កត់ធ្ងន់ថា ការស្តារទំនុកចិត្តត្រូវការសកម្មភាពជាក់ស្តែង ការគោរពការប្តេជ្ញាចិត្ត និងការបង្កើតលក្ខខណ្ឌសមស្របសម្រាប់ជនស៊ីវិលភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ដោយឡែក ចំពោះការចោទប្រកាន់ថា កម្ពុជាក្នុងនាមជាប្រធានអង្គប្រជុំ បានរារាំងមិនឱ្យតំណាងថៃថ្លែងសេចក្តីក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ កម្ពុជាបានបដិសេធយ៉ាងដាច់ខាត និងបញ្ជាក់ថា ការរៀបចំវេទិកានេះត្រូវបានកែសម្រួលដោយសារកិច្ចប្រជុំមានការយឺតយ៉ាវជាងកាលវិភាគដើមជាងពីរម៉ោង។ ក្នុងនាមជាប្រធានអង្គប្រជុំ និងក្រោយពីបានពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF កម្ពុជាបានសម្រេចផ្តល់អាទិភាពដល់អ្នកសង្កេតការណ៍ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រីឱ្យថ្លែងសេចក្តី ខណៈភាគីផ្សេងទៀតត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការនៃកិច្ចប្រជុំ។ កម្ពុជាបញ្ជាក់ថា វិធានការនេះត្រូវបានអនុវត្តដោយស្មើភាពចំពោះគណៈប្រតិភូពាក់ព័ន្ធទាំងអស់ មិនមែនសំដៅលើគណៈប្រតិភូថៃតែមួយនោះទេ។ ដោយ៖ សុភ័ក្រ្ត
កម្ពុជាបំភ្លឺជំហរឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ថៃ ដែលចោទកម្ពុជាថាប្រើប្រាស់កិច្ចប្រជុំហ្រ្ចង់កូហ្វូនីដើម្បីបង្អួចកេរ្តិ៍ឈ្មោះថៃ
សេចក្តីសង្ខេប
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងសេចក្តីបំភ្លឺ កម្ពុជាបានបដិសេធការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់វេទិកាអន្តរជាតិនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយនិទានរឿងតែម្ខាង ដោយបញ្ជាក់ថា ការលើកឡើងអំពីស្ថានការណ៍ព្រំដែន គឺក្នុងគោលបំណងបង្ហាញពីការវិវត្តជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ ព្រមទាំងជំរុញការសន្ទនា ការបន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។






