ក្រុមហ៊ុន Cambodia Airport Investment កំពុងសិក្សាគ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលលើអាកាស នៅព្រលានយន្តហោះថ្មី នាពេលឆាប់ៗខាងមុខនេះ។ ការគ្រោងសាងសង់ផ្លូវរថភ្លើងនេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការកើនឡើងរបស់ភ្ញៀវទេសចរណ៍តាមជើងយន្តហោះ ក៏ដូជាដើម្បីដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុងបានលឿន ហើយបច្ចុប្បន្នក្រុមហ៊ុន ក៏បានបម្រុងដីសម្រាប់សាងសង់រួចរាល់ហើយ។
ផ្លូវរថភ្លើងល្បឿនលឿននេះ តភ្ជាប់ពីព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ប៉ែកភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ក្រៅពីនេះ កម្ពុជាក៏គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមដីក្នុងទីក្រុងភ្នំពេញផងដែរ។ ទន្ទឹមគ្នានេះ ក្រសួងសាធារណការ និងក្រុមហ៊ុនវិនិយោគពាក់ព័ន្ធកំពុងសិក្សាប្រមូលទិន្នន័យលើគម្រោងខាងលើដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ មុនសម្រេចបើកការដ្ឋានសាងសង់ជាផ្លូវការ។
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium បានឱ្យដឹងថា ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១,៥៧៩ លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ រីឯកៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន ក៏នឹងឡើងដល់ ៥,១៨២,៨៦៤ កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយអះអាងថា តួលេខកំណើនជើងហោះហើរ និងកៅអីដ៏រឹងមាំនេះ បានបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសន្ទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












