រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជម្លោះកម្ពុជានិងថៃ!ប្រមុខការទូតកម្ពុជាទទូចឱ្យ UN បន្តគាំទ្រដល់ការបន្ថយភាពតានតឹង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ ពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង។ ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានទទូចឱ្យឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) បន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ។

ក្នុងជំនួបជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ។ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព។ កម្ពុជា បានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍។ ដូច្នេះ យើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ អគ្គលេខាធិការអង្គសហប្រជាជាតិ បានឱ្យដឹងថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ ដោយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។ ទោះបីជាយ៉ាងណា ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…