រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានលើកឡើងថា សមាជិកសមាគមនារីខេត្ត បានខិតខំរួមគ្នាធ្វើការងារមនុស្សធម៌នៅតាមបណ្តា ក្រុង ស្រុក បានល្អឆ្លើយតបទៅនឹងលក្ខន្តិក:របស់សមាគម ទៅលើការងារមនុស្សធម៌ ជាពិសេសស្ត្រី និងកុមារ ជនចាស់ជរាគ្មានទីពឹង រួមទាំងគ្រួសារកងទ័ពជួរមុខផងដែរ។

លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តបានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ដោយមានការចូលរួមពីលោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា  ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងសមាជិកសមាគមផងដែរ។

នាឱកាសនោះលោកស្រី ម៉ាក សំណាង បានអាននៅរបាយការណ៍លទ្ធផលការងារក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុរួចមក លោកស្រីប្រធានបានបញ្ជាក់បន្ថែមថា សាខាសមាគមនារីកម្ពុជាខេត្ត ក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញសង្រ្គោះបឋម និងផ្សព្វផ្សាយផែនការសកម្មភាពត្រីមាសបន្ត ដើម្បីឲ្យការអនុវត្តន៍ពេលខាងមុខទទួលបានជោគជ័យនិងបញ្ហាផ្សេងៗទៀតផងដែរ។

បន្ទាប់ពីបានស្តាប់នៅរបាយការណ៍រួចមក លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ បានថ្លែងអំណគុណដល់សមាជិកសមាគមនារី បានខិតខំរួមគ្នាអនុវត្តន៍ការងារកន្លងមកទទួលបានលទ្ធិផលល្អ។

ទន្ទឹមនោះលោកជំទាវ  ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែម ដល់សមាជិក សមាជិការសាខាសមាគមនារីខេត្ត និងអនុសាខា សមាគមនារីក្រុង ស្រុក បានចូលរួមយ៉ាងសកម្មទាំងស្មារតី កម្លាំងកាយចិត្ត និងថវិកាក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ស្រ្តី និងកុមារ ជនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងប្រកបដោយសមធម៌ និងបរិយាប័ន្នទោះបីការជួយឧបត្ថម្ភថវិកា និងសម្ភារៈដល់សមាគមនារីកម្ពុជារបស់យើងមានចំនួនតិចតួច ក៏ប៉ុន្តែនេះជាទឹកចិត្តអាណិតអាសូរ និងជាការស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកដែលកំពុងជួបការលំបាកនៅក្នុងសហគមន៍។

លោកជំទាវ ក៏បានបញ្ជាក់ថាក្នុងនាមជាប្រធានកិត្តិយស នៃសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ សូមអំពាវនាវដល់សមាជិក សមាជិកាគ្រប់រូបចូលរួមធ្វើសកម្មភាពមនុស្សធម៌ រួមគ្នាទទួលខុសត្រូវឱ្យកាន់តែរីកចម្រើនទៅមុខ គាំទ្រគ្រប់សកម្មភាពរបស់សមាគមនារីខេត្តព្រះសីហនុ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមាគមនារី ឱ្យក្លាយជាស្ថាប័នមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកដល់ការគាំទ្រយុទ្ធសាស្ត្រជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី កុមារ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព សមធម៌ និងបរិយាបន្នឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលខ្ពស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…