ករណីបុរសម្នាក់ប្រើអំពើហិង្សាវាយទៅលើស្រ្តីម្នាក់រួចឡើងជិះម៉ូតូគេចបាត់ នៅចំណុចផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១ ខែតុលា មិនមែនជាករណីប្លន់ម៉ូតូនោះទេ។ ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ចថា មានករណីវាយតប់យកម៉ូតូ នៅចំណុចកើតហេតុខាងលើ។ ប៉ុន្តែពេលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះទៅដល់ចំណុចកើតហេតុ គឺស្រ្តីរងគ្រោះខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ និងមិនបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ។
បើតាមការសួរនាំពីស្រ្តីម្នាក់ជាអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា ខ្លួនបានឃើញមនុស្សប្រុសនិងមនុស្សស្រី២នាក់ឈរក្បែរគ្នា ហើយស្រាប់ឮសំឡេងមនុស្សស្រីស្រែក ពេលនោះគាត់ក៏ឃើញមនុស្សប្រុស និងមនុស្សស្រីទាំង២នាក់នោះ ប្រតាយប្រតប់គ្នា មិនដឹងមូលហេតុ ហើយរួចបុរសនោះជិះម៉ូតូរបស់ខ្លួនចេញទៅបាត់។ លុះមួយសន្ទុះក្រោយមកស្រ្តីរងគ្រោះខាងលើក៏ជិះម៉ូតូរបស់គាត់ចាកចេញពីកន្លែងកើតហេតុទៅបាត់ដែរ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានសហការជាមួយកម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កំពុងបន្តធ្វើការស្រាវជ្រាវលើករណីនេះផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ង៉ែត ពិសាន្ត









