រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្យុះមួយទៀតនឹងមានឥទ្ធិពលលើកម្ពុជាខណៈក្រសួងប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក ខណៈកម្ពុជានឹងបន្តរងឥទ្ធិពលព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ដែលនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១០ ខែតុលា។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី០២តុលា បានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី  ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រ អាងទន្លេមេគង្គសមុទ្រចិនខាងត្បូង និងលើកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ស្ថានភាពបែបនេះ ក្រសួងបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។ រលកសមុទ្រមានកម្ពស់ខ្ពស់ជាងធម្មតា ដែលមានកម្ពស់ចន្លោះពី០,៥០ម៉ែត្រទៅ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក បញ្ជាក់យ៉ាងដូច្នេះ៖ «យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក»។ ក្រសួង នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត  

មតិយោបល់

កំពុងផ្ទុកមតិយោបល់…