លោកឧត្តមសេនីយ៍ទោ សេង ធារិន ចាត់វិធានការ ប្រតិបត្តិការបង្រ្កាបការបទលើ្មសដឹកលៀសខុសច្បាប់ទម្ងន់៣០តោនក្នុងខេត្តកំពង់ធំ នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទ លើផ្ទៃបឹងទន្លេសាបបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ទម្ងន់៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ដោយលោកបានចាត់តាំងកម្លាំងអង្គភាពចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្តសរុបចំនួន0៣ គ្រឿងរួមមាន៖ រថយន្តFUSU ចំណុះ៥តោនផ្ទុកលៀសទម្ងន់ ១៥តោន រថយន្តកូរ៉េចំណុះ៥តោនផ្ទុកលៀសទម្ងន់១០តោន រថយន្តកែឆ្នៃផ្ទុកលៀសទម្ងន់៥តោន និងអ្នកបើកបររថយន្តចំនួន0៣នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បានប្រគល់ជូនមន្រ្តីជំនាញ និងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបនៅតែបន្តបង្រ្កាបបទលើ្មសផ្សេងៗដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆាជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម














