រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយមនុស្សធម៌ជូនបងប្អូនពលករខ្មែរមកពីប្រទេសថៃចំនួន ៦៦នាក់ នៅស្រុកព្រៃនប់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនពលករខ្មែរមកពីប្រទេសថៃចំនួន ៦៦នាក់នៅស្រុកព្រៃនប់ ដើម្បីលើកទឹកចិត្តឱ្យពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ។

នាឱកាសនាំយកអំណោយមនុស្សធម៌ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ មានការអមដំណើរដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត, ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងលោក អ៊ី ធារិន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់។

ក្នុងឱកាសនោះដែរ លោក អ៊ី ធារិន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលបានទទួលបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ។ លោកបន្ថែមថា បច្ចុប្បន្ននេះពួកគាត់មានការងារធ្វើគ្រប់គ្នានៅតាមបណ្តារោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស នៃខេត្តព្រះសីហនុ។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានស្វាគមន៍ក្នុងការមកដល់ស្រុកកំណើតរបស់ខ្លួន ព្រោះគ្មានទីណាល្អជាងផ្ទះខ្លួនឯងនោះទេ។

ឯកឧត្តម មានប្រសាសន៍ថា ស្រុកកំណើតរបស់យើងគឺមានភាពកក់ក្ដៅ និងមានកន្លែងធ្វើការងារជាច្រើននៅតាមបណ្តារោងចក្រ ក្នុងស្រុក។ ទាំងអស់នេះក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដោយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងត្រូវការកម្លាំងពលកម្មជាង ៦ពាន់កន្លែង។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយប្រាក់សោធនិវត្តជូនដល់បុគ្គលិក កម្មករ និយោជិត ហើយអត្ថប្រយោជន៍ នៃប្រាក់សោធនិវត្ត និងបណ្ណ ប.ស.ស វាបានផ្តល់អត្ថប្រយោជន៍ ៣យ៉ាងដូចជា៖ 

១.អត្ថប្រយោជន៍ផ្នែកសុខភាព 

២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ 

៣. ប្រាក់សោធននិវត្តន៍ ហើយចំពោះស្រ្តីមានផ្ទៃពោះ អាចទៅពិនិត្យផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ ដោយចំនួន ១៤លើក ក្នុងមួយលើកទទួលបានថវិកា ៨ម៉ឺនរៀល ព្រោះរាជរដ្ឋាភិបាលចង់ឱ្យកូនចៅរបស់យើងមានសុខភាពល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថមជូនពលករខ្មែរដែលមកពីប្រទេសថៃចំនួន ៦៦នាក់ រួមមានក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ កន្ទេល១ ស្បែកជើង១គូរ នំសណ្ដែកខ្មែរ១កញ្ចប់ ឃីតចំនួនមួយកញ្ចប់ក្នុងនោះមាន ( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកា១០ម៉ឺនរៀលផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…