ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទូចឱ្យម្ចាស់រោងចក្រ សហគ្រាស និងកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទាំងអស់ធ្វើរបាយការណ៍ស្វ័យប្រកាសពីការស្នាក់នៅ និងធ្វើការរបស់ជនបរទេសដោយសុក្រឹត្យភាពឱ្យបានមុនថ្ងៃទី១៣ ខែតុលាខាងមុខនេះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥ ដល់ម្ចាស់រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែតុលានេះថា នេះជាលើកទី២ហើយ ហើយក៏មិនមានជាលើកទី៣ទៀតដែរ អ្នកកាន់កាប់រោងចក្រសហគ្រាស ម្ចាស់លំនៅឋានទាំងអស់ ត្រូវធ្វើរបាយការណ៍ស្វ័យប្រកាសនេះឱ្យបានសុក្រឹត្យ ព្រោះអគ្គនាយកដ្ឋានបានតាមដាននិងមានតួលេខជនបរទេសនៅក្នុងដៃច្បាស់លាស់។ បើសិនតួលេខមិនដូចនឹងអ្វីដែលបានធ្វើរបាយការណ៍ស្វ័យប្រកាសជាលើកទី១ទេ ឯកឧត្តមសូមឱ្យម្ចាស់រោងចក្រសហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មផ្សេងៗ ធ្វើរបាយការណ៍ជាលើកទី២ឱ្យបានស្មោះត្រង់ជាមួយគ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តម សង្កត់ធ្ងន់ថា អគ្គនាយកដ្ឋាន នឹងចុះធ្វើប្រតិបត្តិការក្នុងពេលឆាប់ៗនេះ។ ករណីផុតរយៈពេលកំណត់ខាងលើ ម្ចាស់រោងចក្រសហគ្រាស កាស៊ីណូរាយការណ៍មិនច្បាស់លាស់ ឧទាហរណ៍ថា បុគ្គលិកជាជនបរទេសមាន១០០នាក់ រាយករណ៍ប្រាប់ថា ១០០នាក់ ប៉ុន្តែការស្នាក់នៅរបស់បុគ្គិលផ្សេងមិនបានរាយការណ៍ ហើយទីតាំងដែលបុគ្គលិកស្នាក់នៅនោះមិនមាននរណាទទួលខុសត្រូវទេ ឯកឧត្តមថានឹងអនុវត្តទៅតាមច្បាប់»។ លើសពីនេះ ឯកឧត្តម បញ្ជាក់ម្តងហើយម្តងទៀតថា ការធ្វើរបាយការណ៍ស្វ័យប្រកាសនេះ មិនមែនត្រឹមតែបុគ្កលិកធ្វើការនៅក្នុងកាស៊ីណូខ្លួនឯងទេ បើសិនជាបុគ្គលិកឬអ្នកដែលធ្វើការឱ្យក៏ដោយ បើកាស៊ីណូថា ជាទីតាំងរបស់កាស៊ីណូនៅក្នុងអគារប៉ុន្មានក៏ដោយ ត្រូវរាយការណ៍ឱ្យបានច្បាស់។ ប៉ុន្តែ បើមិនរាយការណ៍ទេ នៅពេលចុះប្រតិបត្តិការទៅដល់អគារនោះ ហើយមិនមាននរណាទទួលស្គាល់ទៀត នោះសមត្ថកិច្ចនឹងអនុវត្តទោសទណ្ឌតែម្តង។
ពាក់ព័ន្ធមូលហេតុដែលប្រទេសកម្ពុជារឹតបន្តឹងការស្នាក់នៅរបស់ជនបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានបង្ហើបប្រាប់ថា ដោយសារប្រទេសកម្ពុជា កំពុងរងការចោទប្រកាន់នៃការជួញដូរមនុស្ស។ ឯកឧត្តមបញ្ជាក់បន្ថែមថា ថ្មីៗនេះ របាយការណ៍របស់សហរដ្ឋអាម៉េរិកទើបតែចេញទម្លាក់កម្ពុជាដល់កម្រិតទី៣ ដែលជាកម្រិតមួយធ្ងន់ធ្ងរក្នុងការចោទថា កម្ពុជា ជាប្រទេសមួយជំរុញឱ្យមានការជួយដូរមនុស្ស។ ត្រង់ចំណុចនេះ ឯកឧត្តម បានចោទសួរថា ហេតុអ្វីបានជាគេចោទប្រកាន់ប្រទេសកម្ពុជាទៅវិញ? ខណៈជនបរទេសចូលមកកម្ពុជាស្របច្បាប់ត្រឹមត្រូវ ហើយមានទាំងទិដ្ឋការបន្តការស្នាក់នៅ និងប័ណ្ណការងារត្រឹមត្រូវទៀតផង។ ចំណុចនេះហើយដែល ឯកឧត្តម ចង់បង្ហើបប្រាប់ថា អគ្គនាយកដ្ឋានត្រូវតែធ្វើសុក្រឹត្យភាពលើជនបរទេស ដើម្បីឱ្យច្បាស់ថាគាត់មានការងារធ្វើត្រឹមត្រូវ មានប័ណ្ណការងារ និងចេញចូលស្នាក់នៅត្រឹមត្រូវ។
ជាមួយគ្នានេះ បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ សហគ្រាសគ្រឹះស្ថានកំពុងដំណើរការក្នុងខេត្តមានសរុបចំនួន ៣,៨៣៧សហគ្រាស។ ក្នុងនោះ មានកម្មករនិយោជិតសរុប ១៣៥,៦៦៣នាក់។ ចំណែក រោងចក្រសហគ្រាសផ្នែកកម្មន្តសាល កំពុងដំណើរការក្នុងខេត្តសរុបចំនួន ១៩៤សហគ្រាស ក្នុងនោះមានកម្មករនិយោជិតសរុប ៥៧,៨៨៩នាក់ ស្រី ៣០,១៧៥នាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត, រូបភាព៖ ទាវ វិឆាត




















