រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មណ្ឌលអាជីវកម្ម២០ទីតាំងចូលរួមវគ្គបណ្តុះបណ្តាលជំនាញ “បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ"ដើម្បើលើកកម្ពស់វិស័យទេសចរណ៍ខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ក៏ដូចជាផ្តល់ភាពពេញចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឲ្យកាន់តែល្អប្រសើរ នាថ្ងៃទី០៦ខែតុលាឆ្នាំ២០២៥ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមការចូលរួមពី លោក តាំង សុចត្តិគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ និងគ្រូបង្គោលថ្នាក់ជាតិនៃកម្មវិធី(HOKA)បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិលើជំនាញ “បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ" រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបុគ្គលិកបម្រើការងារផ្នែកម្ហូបអាហារនិងភេសជ្ជៈ សរុប ២៤នាក់ ស្ត្រីចំនួន ០៩នាក់ មកពីភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ២០ទីតាំង។

នាឱកាសនោះ លោក ប្រធានមន្ទីរទេសចរណ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ទទួលយកនៅចំណេះដឹង ពាក់ព័ន្ធនឹងការធ្វើបដិសណ្ឋារកិច្ច ការផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្ដល់ភាពពេញចិត្តជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ។ 

លោកប្រធានមន្ទីរ បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងលើកកម្ពស់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រួមទាំងបដិសណ្ឋារកិច្ចទេសចរណ៍ ដើម្បីសម្រេចបានតាមគោលបំណង និងខ្លឹមសារ ព្រមទាំងបានយកទៅប្រើប្រាស់តាមវិធីសាស្ត្រ និងមានការពិភាក្សាជាក្រុម សំណួរចម្លើយសំណូមពរ ការចូលរួមជាមតិយោបល់ និងការចុះធ្វើកម្មសិក្សាផ្ទាល់នៅសណ្ឋាគារផងដែរ ហើយទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលតែ៥ថ្ងៃក៏ដោយ ពិតជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ជាពិសេសចូលរួមយ៉ាងសកម្មក្នុងការជំរុញគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលខេត្ត ក្រសួង និងរាជរដ្ឋាភិបាលបានដាក់ចេញ។

ក្នុងឱកាសនោះ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលគ្រូបង្គោល(ហូកា)បន្ថែមថា ដើម្បីជំរុញការបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍កម្ពុជា ស្របតាមស្តង់ដាររបស់កម្មវិធី(ហូកា) និងស្តង់ដារអន្តរជាតិ រួមទាំងស្តង់ដារអាស៊ាន សំដៅដល់ការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាពិសេសដល់បុគ្គលិក និងអ្នកជំនាញដែលកំពុងបម្រើការងារនៅមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីក្លាយជាគ្រូបង្គោល(ហូកា)នៅក្នុងខេត្តព្រះសីហនុ និងផ្ដោតសំខាន់លើការបង្កើតឱ្យមានការចូលរួមពីវិស័យឯកជនផ្នែកបដិសណ្ឋារកិច្ចក្នុងតំបន់ រួមទាំងធ្វើការបណ្ដុះបណ្ដាល និងទទួលស្គាល់គ្រូបង្គោលថ្មីៗ ដើម្បីចងក្រងក្រុមអ្នកជំនាញថ្នាក់ខេត្ត ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងសហគ្រាស និងគ្រូមង្គោលអំពីវិធីសាស្រ្ត (Hight Impact Training)សម្រាប់ការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕ 

ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…