ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកពីការសិក្សា និងអនុញ្ញាតឱ្យបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីសាធារណៈចំនួន ២០០គ្រាប់បន្ថែមទៀតដែលនាំឱ្យការបំពាក់កាមេរ៉ាសុវត្ថិភាបនៅតាមគោលដៅសំខាន់ៗក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវកើនដល់ជាង ៨០០គ្រាប់។ អភិបាលខេត្តព្រះសីហនុរូបនេះ បានរំលឹកដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ដូច្នេះថា៖ «យើងបានរកវិធីជំនួយជួយដល់កងកម្លាំងរបស់យើង។ ក្នុងនោះយើងបានបំពាក់កាមេរ៉ាសុវត្ថិភាព ដែលពីមុនមកយើងមានកាមេរ៉ាសុវត្ថិភាព ៤៣៣ទីតាំង។ ឥឡូវខ្ញុំបានសិក្សា និងអនុញ្ញាតឱ្យរៀបចំចាត់ចែងដាក់ ២០០គ្រាប់បន្ថែមទៀតដែលបូកបញ្ជូលទៅស្មើនឹងជាង ៨០០គ្រាប់ នៅក្នុងក្រុងរបស់យើង និងឈានទៅបំពាក់នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវនៅតាមកន្លែងចំណុចសំខាន់ៗ»។ ឯកឧត្តមកត់សម្គាល់ឃើញថា ការបំពាក់កាមេរ៉ាសុវត្ថិភាព បានជួយទៅលើការងាររបស់កងកម្លាំងបានច្រើនក្នុងការតាមដាននិងបង្ក្រាបបទល្មើសនីមួយៗ។
គួររំលឹកថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩មកម៉្ល៉េះ។ ក្នុងនោះ ដំណាក់កាលទី១ មានកាមេរ៉ាដែលដំឡើងរួចចំនួន ៥៣៣គ្រាប់នៅតាមដងផ្លូវនានាក្នុងខេត្តដែលមាន ៤៣៣ទីតាំង ខណៈដំណាក់កាលទី២ ឯកឧត្តមអភិបាលខេត្តកំពុងជំរុញឱ្យមានការបំពាក់បន្ថែម។ ចំណែក លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ធ្លាប់ប្រាប់ទូរទស្សន៍ KPS99 TVថា ការដាក់ឱ្យដំណើរការកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ គឺមានសារៈសំខាន់ខ្លាំងដោយរូបភាពដែលបានថតទុកក្នុងកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងក្នុងការស៊ើបអង្កេត និងបង្ក្រាបបានបទល្មើសយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដោយឡែក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន គឺលោកថាសំខាន់។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា បើក្នុងភូមិសាស្រ្តខេត្តគ្មានសុវត្ថិភាពទេ នោះទេសចរ និងវិនិយោគិន ក៏មិនអាចមកកម្សាន្តនោះដែរ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាព គឺជាកត្តាសំខាន់ជាស្នូលសម្រាប់ផ្តល់នូវទំនុកចិត្តជូនភ្ញៀវទេសចរ និងវិនិយោគិន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









