ខេត្តព្រះសីហនុ៖ វគ្គបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍នៅថ្នាក់ក្រោមជាតិដែលបានប្រព្រឹត្តទៅរយៈពេលចំនួន ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក គឹម ចន្ថាឫទ្ធិ អគ្គយករង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងលោក តោ មុន្នីស័ក ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ រួមទាំងលោក ឈួន សុធី ប្រធាននាយកដ្ឋានគោលនយោបាយស្តង់ដា និងសហប្រតិបត្តិការស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ ហើយពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្ត។
លោក តោ មុន្នីស័ក ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ បានធ្វើការអាននៅរបាយការណ៍សង្ខេបពីគោលបំណង និងដំណើរការនៃការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍នៅថ្នាក់ក្រោមជាតិ វគ្គបណ្ដុះបណ្ដាលនាពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់លោក លោកស្រីជាអ្នកអនុវត្តន៍ ដើម្បីក្នុងការអភិវឌ្ឍន៍ចំណេះដឹងថ្មី ព្រមទាំងការយល់ដឹងក្នុងការប្រើប្រាស់ស្ថិតិ ការសម្រេចចិត្ត ការស្រាវជ្រាវ និងការវិភាគទិន្នន័យ ហើយក្នុងវគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់មូលដ្ឋានគ្រឹះស្ថិតិដ៏រឹងមាំមួយសម្រាប់ចាប់ផ្ដើមដំណើរការដ៏រវែងឆ្ងាយក្នុងការសិក្សាស្វែងយល់អំពីវិទ្យាស្ថានទិន្នន័យស្ថិតិ។ ដូចនេះដើម្បីទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើបមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ វគ្គបណ្ដុះបណ្ដាលក៏មានបំណងលើកកម្ពស់ការយល់ដឹងពីមូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ និងបានបង្ហាញពីការចូលរួមអនុវត្តយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលមានឥទ្ធិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគន្លឹះអាទិភាព។
នាឱកាសនោះផងដែរលោក គឹម ចន្ថាឫទ្ធិ អគ្គយករងតំណាងឯកឧត្តម ទ្រី ឫទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានមានប្រសាសន៍ស្វាគមន៍ចំពោះសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីយកនៅចំណេះដឹងដែលគ្រូឧទ្ទេសបានធ្វើការណែនាំ និងពន្យល់បង្ហាត់បង្រៀនដល់សិក្ខាកាមនាពេលនេះ ដោយមើលឃើញពីសារៈសំខាន់របស់ស្ថិតិ និងការធ្វើឱ្យវិទ្យាស្ថានជាតិស្ថិតិក្លាយជាស្ថាប័ន ដើរតួនាទីស្នូលរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូល និងវិភាគទិន្នន័យសម្រាប់ប្រទេសទាំងមូល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រែក្លាយវិទ្យាស្ថានជាតិស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ក្រោមជាតិតាមរយៈអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
លោក អគ្គយករងសង្ឃឹមនឹងជឿជាក់ថា ក្រោយពីទទួលបានចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ និងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតនៅក្នុងការអនុវត្តការងាររៀងៗខ្លួន ព្រមទាំងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតស្ថិតិ និងការធ្វើសេចក្ដីសម្រេចចិត្តនានាបានត្រឹមត្រូវដោយផ្អែកលើទិន្នន័យស្ថិតិជាមូលដ្ឋានផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម












