រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែន៖«បើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចមុនខ្ញុំបញ្ជាឱ្យចាប់ខ្លួនឬដកតំណែងមន្ត្រីនិងឈ្មួញដែលបន្តលួចនាំចូលទំនិញថៃតែម្តង»

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

«ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា ដែលចង់សំដៅទៅលើមន្ត្រី និងឈ្មួញដែលនៅតែបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែនកំពុងបិទ។ សម្តេចបានសរសេរសារបង្ហោះលើបណ្តាញតេឡេក្រាមនៅព្រលប់ថ្ងៃទី០៨ ខែតុលាថា៖«ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឱ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន»។ សម្តេចបន្ថែមថា៖ «ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា ឆ្មាមិននៅកណ្តុរឡើងរាជ្យឱ្យសោះ»។

សម្តេចហ៊ុន សែន ចេញសារដូច្នេះ ស្របពេលមានការបង្ហោះចែកចាយលើបណ្តាញសង្គមថា មានឈ្មួញ និងមន្រ្តីនៅតែគប់គិតគ្នាបន្តលួចនាំចូលទំនិញថៃមកស្តុកទុកនៅក្នុងឃ្លាំងដើម្បីចែកចាយបន្តនៅលើទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង ទំនិញប្រភេទសាច់ក្លាសេមានជង្គង់មាន់ ស្លាបមាន់ ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូកជាច្រើនតោន ត្រូវបានកម្លាំងចម្រុះចុះឆែកឆេនៅ៣ទីតាំងក្នុងខណ្ឌមានជ័យ ព្រែកព្នៅ និងខណ្ឌឬស្សីកែវ ដែលនាំចូលមកពីប្រទេសថៃ ត្រូវបានគេស្គាល់ថា ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ របស់ចែទូចជាអ្នកនាំចូល។ តាមការចុះឆែកឆេនេះ មន្រ្តីជំនាញ ក.ប.ប. បានធ្វើតេស្តសាច់ក្លាសេចំនួន៣៣គំរូ ជាលទ្ធផលរកមិនឃើញសារធាតុគីមីហាមឃាត់ឡើយ ប៉ុន្តែមន្ត្រីបានរកឃើញកំហុសនៃការវេចខ្ចប់មិនមានស្តង់ដាទេ។ មានន័យថា រាល់ការវិចខ្ចប់ទាំងអស់មិនអនុលោមនៅលើសំបកវេចខ្ចប់កង្វះអនាម័យ ទីតាំងទូរបង្កកក្លាសេមានសីតុណ្ហភាពមិនសមស្របខុសលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល។ ក្នុងនោះ មន្ត្រីក.ប.ប. បានឃ្លុំបេសាច់បង្កកចំនួន៧ទូរកុងទឺន័រទៀតផ្អាកចរាចរជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍។ ដោយឡែកខាងមន្រ្តីគយវិញថា ទំនិញទាំងអស់នេះមិនមានកំហុសខាងបង់ពន្ធទេ ពោលគឺទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួនតាមច្បាប់គយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…